ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋភាគច្រើនជាអាជីវករ រកស៊ីដឹកសត្វជ្រូក, មាន់, ទា ជាលក្ខណៈគ្រួសារ រស់នៅខេត្តបន្ទាយមានជ័យ បានធ្វើការរិះគន់ចំៗបុគ្គលឈ្មោះ ញឹម ប៉ក់ ដាក់កូនចៅ និងកូនចៅមន្ត្រីពេទ្យសត្វខេត្តបន្ទាយមានជ័យ បើកឡានប្រដេញចាប់អ្នករកស៊ីដឹក សត្វមាន់, ទា ,ជ្រូក សូម្បីតែអ្នករកស៊ីតូចតាចដឹកពងមាន់លក់តាមកញ្ឆេរក៏មិនរួចខ្លួនដែរ។
បើតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរកស៊ីតូចតាច សុំត្រឹមតែ រកមួយថ្ងៃ រស់មួយថ្ងៃប៉ុណ្ណោះ បានអំពាវនាវ តាមរយ:សារព័ត៌មាន ដោយគោរពស្នើសុំដ៏ទទូច រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាពិសេស សូមអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ ខណៈដែលប្រជាពលរដ្ឋពួកគាត់ដាក់ការសង្ស័យថា មានបទល្មើសប្រព្រឹត្តអំពើពុករលួយ.? ។
តើជាការពិតដែរឬទេ.?លោក ញឹម ប៉ក ជាមន្ត្រីយោធាមានឋាន: វរសេនីយ៍ត្រី: អត្តលេខ ១៤៤៥៨៣ វរសេនាតូចលេខ២ នៃតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ។
ប្រភពព័ត៌មានបង្ហើបថា បុគ្គលលោក ញឹម ប៉ក កំពុងតាំងខ្លួនជាប្រធានក្រុមហ៊ុន និងសមត្ថកិច្ចជំនាញផង បង្កព្យុះភ្លៀង នៅខេត្តបន្ទាយមានជ័យជាពិសេសនៅតែបន្ទាត់ព្រំដែនកម្ពុជា ថៃ ក្នុងគោលបំណងបិតមិនឲ្យមានការផ្គត់ផ្គង់ការនាំចូលសត្វជ្រូកពីក្រៅស្រុក និងដើម្បីកំណត់ឲ្យអ្នករកស៊ីដឹកសត្វគ្រប់ប្រភេទបង់លុយក្បាលឡានទើបអាចរកស៊ីបានដោយរលូន។
ប្រភពខាងលើបន្តរិះគន់និងបញ្ជាក់ថាបច្ចុប្បន្នមានតែក្រុមហ៊ុន ឌឿន សាមិត ឯ.ក តែមួយគត់ ដែលគាត់មានសិទ្ធិ និងអំណាចសុំច្បាប់អនុញ្ញាតនាំសត្វជ្រូករស់ឆ្លងកាត់ទៅប្រទេសវៀតណាមបានដោយរលូន។ខាងលើនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ.?
អង្គភាពសារព័ត៌មានយើងស្វាគមន៍រង់ចាំទទួលនូវការបកស្រាយពី ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ បើមានប្រតិកម្មណាមួយនោះ ដោយយោងច្បាប់ស្ដីពីរបបសារព័ត៌មាន ៕