គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដល់អាកាសយានដ្ឋានយោធាដនមឿង នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ និងត្រូវបានទទួលស្វាគមន៍ដោយលោក Vorapun Srivoranart អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានកិច្ចការអាស៊ីខាងកើត ក្រសួងការបរទេសថៃ និង លោក Hirohito Toda លេខាធិការប្រតិបត្តិរង នៃគណៈកម្មការ ESCAP ព្រមទាំង ឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤នេះ។
តបតាមការអញ្ជើញរបស់លោកជំទាវបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (the Economic and Social Commission for Asia and the Pacific- ESCAP) សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមថ្លែងសុន្ទរកថាពិសេស នៅក្នុងពិធីបើកសន្និបាតលើកទី៨០ របស់ UN-ESCAP ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងបាងកក នាថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងនាថ្ងៃទី១៧ ខែមេសាកន្លងទៅថា អញ្ជើញអមដំណើរ សម្ដេចធិបតី រួមមាន ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម លី ធុច ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអេស្ដាប់ និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ព្រមទាំងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាលកម្ពុជា។
តាមការបញ្ជាក់ពីក្រសួងការបរទេស ក្រោមប្រធានបទ «ការប្រើប្រាស់នវានុវត្តន៍ឌីជីថលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» សន្និបាតប្រចាំឆ្នាំនេះ នឹងពិភាក្សាអំពីសក្តានុពលនៃបច្ចេកវិទ្យាឌីជីថល នឹងវិធីសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកលដែលកំពុង កើតមាន និងការពន្លឿនការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕ ដោយ៖ កន ចំណាន