ខេត្តបន្ទាយមានជ័យ ÷ អនុវត្តតាមការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២៤ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ជាច្រើនរូប បានចុះសម្អាតអនាម័យតាមដងផ្លូវសាធារណៈ និងសួនច្បារក្នុងក្រុង ដើម្បីលើកកម្ពស់សោភ័ណភាព និងត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានចាត់តាំង លោកវរសេនីយ៍ទោ អ៊ុយ ផល្លី អធិការរង ទទួលផែនការងារបង្ការពន្លត់អគ្គីភ័យ ដឹកនាំកម្លាំងប្រចាំបញ្ជា វេន៣ ចំនួន ០៥នាក់ រថយន្តដឹកទឹកចំនួន ០១គ្រឿង សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះសម្អាតតាមទីសាធារណះ សួនតេជោ ឈ្នះ ឈ្នះ និង សួនរង្វង់មូលអន្តរជាតិប៉ោយប៉ែត។
សកម្មភាពនេះ គឺជាសារដាស់តឿនជម្រុញដល់ពលរដ្ឋ អាជីវករ ពាណិជ្ជករ ក្រុមហ៊ុន សហគ្រាស ដែលនៅតាមសងខាងផ្លូវជាតិលេខ៥ ឲ្យមានការស្រឡាញ់បរិស្ថាន ចូលរួមសម្អាតអនាម័យតាមទីសាធារណៈ ទីប្រជុំ និងផ្ទះសម្បែងរៀងៗខ្លួន ដើម្បីត្រៀមអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខផងដែរ៕