ខេត្តបន្ទាយមានជ័យ ÷ ផលិតផលប្រហិតចម្រុះ និងសាច់មាន់ ដែលនាំចូលពីប្រទេសថៃចំនួន៧៨៣គីឡូក្រាម ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីជំនាញ ធ្វើការដុតកម្ទេចចោល កាលពីរសៀលថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៤ នៅទីលានចាក់សំរាម មួយកន្លែងក្នុងបរិវេណដីឡូតិ៍ ១កន្លែង ភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១៨និង១០នាទី យប់ថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក រស់ អៀម នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដឹកនាំកម្លាំងក្រោមឱវាទ ចេញយាមល្បាតតាមដងផ្លូវជាតិលេ៥៦ ដល់ចំណុចមុខវត្តរលំជ្រៃ ស្ថិតភូមិឯកភាព ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក៏បានឃើញរថយន្តគួរឲ្យសង្ស័យ ក៏ស្ទាក់ឃាត់ធ្វើការត្រួតពិនិត្យ ទើបដឹងថា ឈ្មួញបានលួចនាំចូល ប្រហិត សាច់មាន់ គ្រឿងក្នុង សាច់ជ្រូកចង្កាក់ និងសាច់ក្លាស្សេចម្រុះដែលជាសាច់ខូចគុណភាព ពីប្រទេសថៃមកកម្ពុជា ដោយផ្ទុកលើរថយន្តល្មើស ម៉ាកតូយ៉ូតា កាមរី(Toyota Camry ) ចង្កូតស្តាំ ពណ៌ស្លាបក្អែក ពាក់ស្លាកលេខ ក្រុងប៉ៃលិន 2A-0213 និងបានឃាត់អ្នកបើកបរម្នាក់ឈ្មោះ ឈ្មោះម៉ៅ ម៉េត ភេទប្រុស អាយុ៥៣ឆ្នាំ យកមកសួរនាំផងដែរ។
នៅរសៀលថ្ងៃអង្គានេះ ដោយទទួលបានការអនុញាតិពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និង មានការសម្រួលនីតិវិធីពីលោក លោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ សាច់ក្លាស្សេខូចគុណភាពទាំង៧៨៣គីឡូក្រាម ត្រូវបានដុតកម្ទេចចោល រីឯអ្នកបើកបរ និង រថយន្តត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនិតិវិធីច្បាប់ ៕