ខេត្តបន្ទាយមានជ័យ ÷ នៅព្រឹកថ្ងៃទី ០៨ ខែមិនា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី រួមលោកស្រី ឧត្តមសេនីយ៍ស្នងការរង ២រូប អញ្ជើញចូលរួម ពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១១៣ ទិវាអន្តរជាតិនារី ៨មិនា ក្រោមប្រធានបទ “ស្រ្តីនិងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល ” នៅសាលាខេត្តបន្ទាយមានជ័យ។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព លោកជំទាវ នួម សោភ័ណ សមាជិកព្រឹទ្ធសភាមណ្ឌលខេត្តបន្ទាយមានជ័យ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណាវី អ៊ុំ រាត្រី ក្នុងនោះក៏មានការអញ្ជើញរួមពី លោក លោកស្រី មន្ត្រីរាជការ មកពីមន្ទីរ ស្ថាប័ន កងម្លាំងគ្រប់ប្រភេទជាស្រ្តីជាច្រើនរូប។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានរៀបចំយុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងរំលឹកពីការតស៊ូទាមទារសិទ្ធិសេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍភាពសមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ។
ឯកឧត្តមបន្ថែមថា ក្នុងយុគសម័យឌីជីថលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្រ្តីនិងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពក្នុងរបៀបវារ:គោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ តាមរយ:ការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្នដែលក្នុងនោះ ស្រ្តីគឺជាស្នូល។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលតែងតែបង្កឱកាសឲ្យស្រ្តីមាន ឋាន: និងតួនាទី ក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្តជាក់ស្តែងក្នុងជួររាជរដ្ឋាភិបាល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ស្រ្តីបានទទួលឋាន:តួនាទីនៅតាមក្រសួងស្ថាប័ននានា ដែលបញ្ជាក់យ៉ាងច្បាស់ពីការយកចិត្តទុកដាក់ដល់ស្រ្តីក្នុងសកម្មភាពសង្គមតាមតួនាទី និងសមត្ថភាពរៀងៗខ្លួន។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំនិងសមាជិកគ្រប់បណ្តាអង្គភាពពាក់ព័ន្ធត្រូវបន្តពង្រឹងសមត្ថភាព និងពង្រីកចំណេះដឹងឲ្យមានជំនាញកាន់តែល្អ ជាពិសេសលើចំណេះដឹងបច្ចេកទេស ឌីជីថល ដែលសម័យបច្ចុប្បន្ននេះ ជំនាញ ឌីជីថល ជាជំនាញមួយត្រូវបានពិភពលោក ក៏ដូចជារាជរដ្ឋាភិបាលអណត្តិទី៧បាននឹងកំពុងយកចិត្តទុកដាក់ ពង្រឹងលើជំនាញនេះជាខ្លាំងនិងបានណែនាំឲ្យមានការបណ្តុះបណ្តាលលើជំនាញឌីជីថលជូនដល់ស្ត្រី និងកុមារផងដែរ ៕