រាជធានីភ្នំពេញ ៖ អនុវត្តតាមបញ្ជារបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង០១៖៤០នាទី កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការដឹកនាំ និងសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ បានសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្រ្កាបករណី ជួញដូររក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន នៅ២គោលដៅផ្សេងគ្នា គោលដៅទី១ នៅមុខសណ្ឋាគារកាសា ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងគោលដៅទី២ នៅខុនដូរមួយកន្លែងនៅផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជាលទ្ធផលនៃការបង្ក្រាបនេះ កម្លាំងជំនាញឃាត់បានជនសង្ស័យម្នាក់ ឈ្មោះ តាក ជ័ង (DA ZHANG) ភេទប្រុស កើតឆ្នាំ១៩៩០ ជនជាតិចិន។ វត្ថុតាងចាប់យកបាន៖ គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់៤៥០.៩១ក្រាម, គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ ១៦២៤.៥២ក្រាម, គ្រឿងញៀនប្រភេទនីមេតាហ្សេប៉ាម (Nimetazepam) ទម្ងន់ ៥,៩៨ក្រាម។ សរុបសារធាតុញៀនទម្ងន់ ២០៨១.៤១ក្រាម (២គីឡូ ៨១.៤១ក្រាម)។
បច្ចុប្បន្ន ÷ ជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕