ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអះអាងថា រាជធានីភ្នំពេញនឹងមិនប្រឈមមុខ ការខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់ទៀតហើយ ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមានសមត្ថភាពផលិតប្រមាណ១លានម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈដែលតម្រូវការប្រើប្រាស់មានត្រឹមប្រមាណ៨២ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងពិធីបើកការដ្ឋានដាក់បំពង់មេនាំទឹកស្អាតទំហំ ១.២០០ម.ម ១.៤០០ម.ម និង១.៦០០ម.ម ស្ថិតនៅបណ្តោយមហាវិថី ឈ្នះ ឈ្នះ និងចុះពិនិត្យការងារដាក់បំពង់មេនាំទឹកស្អាត កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឡុង ណារ៉ូ បានមានប្រសាសន៍ថា ការធានាបាននូវការផ្គត់ផ្គង់ទឹកស្អាតគ្រប់គ្រាន់នេះ គឺដោយសារសមត្ថភាពនៃការផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផលិតទឹកបានច្រើន ស្របពេលដែលរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ត្រូវបានសាងសង់រួចរាល់ជាបន្តបន្ទាប់។
ឯកឧត្តមបានបន្តថា ចាប់ពីចុងខែកុម្ភៈឆ្នាំ២០២៤នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមានសមត្ថភាពផលិតទឹកបានប្រមាណជាង ១លានម៉ែត្រគូបក្នុង១ថ្ងៃ ខណៈតម្រូវការបច្ចុប្បន្ននេះមានប្រមាណ៨២ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ តែអ្វីដែលបញ្ហាប្រឈម គឺកង្វះខាតសរសៃឈាមនាំទឹក ហេតុនេះហើយទើបរដ្ឋាករខិតខំពន្លឿនការងារដាក់បំពង់មេនាំទឹក ដើម្បីផ្គត់ផ្គង់ទឹកបានទូទាំងរាជធានីភ្នំពេញ។
ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្ននេះរដ្ឋាករទឹក បាននិងកំពុងសម្រុកការងារដាក់បំពង់មេនាំទឹក នៅតាមបណ្តាយវិថីឈ្នះឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅ ទៅដល់ផ្លូវជាតិលេខ៤ ដើម្បីធានាដល់ការផ្គត់ផ្គង់ទឹកក្នុងតំបន់នេះបានគ្រប់គ្រាន់។
« បច្ចុប្បន្ននេះសមត្ថភាពក្នុងការផលិតសម្រាប់បាក់ខែងជំហានទី២ នៅក្នុងចុងខែ២គឺមាន១លានម៉ែត្រគូបបន្ថែម ហើយតម្រូវការបច្ចុប្បន្ននេះ ប្រហែលជា៨២០ម៉ែត្រគូប ហើយខ្ញុំជឿថា វានឹងអាចកើនរហូតត្រឹម៨៦០អ៊ីចឹងសមត្ថភាពផលិតរបស់យើងនៅមាន អត់ខ្វះទេទឹកគ្រាន់តែខ្វះសរសៃឈាម អ៊ីចឹងអ្វីដែលសម្រុកគឺសម្រុកសរសៃឈាម មេធំនេះវាបញ្ជូនទឹកដើម្បីភ្ជាប់ទៅបណ្តាញតូចៗដើម្បីផ្គត់ផ្គង់នេះ អ៊ីចឹងហើយវាជាកត្តាសំខាន់របស់យើងដែលសម្រុករាល់ថ្ងៃហ្នឹង ទៅលើវិធានការដើម្បីធ្វើម៉េចយកទឹកពីក្នុងរោងចក្រផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់ជូនអតិថិជនក្នុងរាជធានី បញ្ហារោងចក្រផលិតយើងមិនខ្វះទេ ចាប់ពីថ្ងៃនេះទៅយើងមិនខ្វះទេ » ។
ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងទៀតថា នៅតំបន់ខ្លះអាចនឹងមានបញ្ហាសម្ពាធទឹកខ្សោយ ដោយសារកំណើនប្រជាជនរស់នៅតំបន់នោះ ប៉ុន្តែទោះជាយ៉ាងនេះក្តី រដ្ឋាករទឹកបាននិងកំពុងរៀបចំពង្រីកបន្ថែម ដើម្បីបង្កើនសម្ពាធឡើងវិញ។ ឯកឧត្តម ឡុង ណារ៉ូ បានបន្ថែមថា ប្រសិនបើប្រជាពលរដ្ឋសង្កេតឃើញថា តំបន់ដែលខ្លួនរស់នៅមានសម្ពាធទឹកខ្សោយ សូមផ្តល់ព័ត៌មានមកកាន់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចុះទៅដោះស្រាយជូនឱ្យបានទាន់ពេលវេលា។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកស្អាតនៅរាជធានីភ្នំពេញ មានប្រមាណ៤៧០ពាន់អតិថិជន ខណៈដែលនៅចុងឆ្នាំនេះ តាមការព្យាករណ៍ចំនួនអ្នកប្រើប្រាស់ទឹកស្អាតនឹងកើនឡើង ៣ម៉ឺន ៥ពាន់អតិថិជនបន្ថែមទៀត៕ដោយ៖ យី វិច្ឆិកា