កម្ពុជាមានតំបន់ទេសចរណ៍ដ៏មានសក្ដានុពលជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរ ដោយទាមទារឱ្យភាគីពាក់ព័ន្ធ រួមគ្នាដុសខាត់ ថែរក្សា និងលើកតម្លៃសម្បត្តិវប្បធម៌ឱ្យបានខ្ពង់ខ្ពស់បន្ថែមទៀត ។
លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា កម្ពុជាមានសក្ដានុពលច្រើនទៅលើតំបន់ទេសចរណ៍ធម្មជាតិ វប្បធម៌ប្រវត្តិសាស្ត្រ ឆ្នេរសមុទ្រ និងអេកូទេសចរណ៍ ប៉ុន្តែអ្វីដែលធ្វើឱ្យប្រជាជននៅក្នុងមូលដ្ឋាននោះ មិនសូវទទួលបានពីសក្ដានុពល គឺដោយសារកត្តាមួយចំនួន ដូចជា ៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅមានកម្រិតដោយមិនទាន់មានភាពសម្បូរបែប បញ្ហាទឹកស្អាត បញ្ហាអគ្គិសនីនៅតាមតំបន់ដាច់ស្រយាលមួយចំនួន ដែលនេះគឺជាកត្តាប្រឈមនៅក្នុងសេវាកម្ម ។
លោកជំទាវបានបន្តថា ដើម្បីបង្ហាញពីភាពលេចធ្លោនៃសក្ដានុពលដ៏សម្បូរបែបនៅក្នុងតំបន់ទេសចរណ៍របស់កម្ពុជា គឺអ្នកពាក់ព័ន្ធត្រូវមានការជួយជំរុញ និងគាំទ្រទៅដល់ប្រជាសហគមន៍ ក្នុងការស្វែងយល់អំពីវិស័យទេសចរណ៍ ការទាញយកអត្ថប្រយោជន៍ពីសក្ដានុពលទេសចរណ៍ ដោយមានជាការជួយបដិភាគហិរញ្ញប្បទាន ដើមទុន ជាពិសេសគឺការបណ្តុះបណ្តាលទៅដល់ប្រជាសហគមន៍ ដើម្បីឱ្យគាត់បានយល់ច្បាស់អំពីការទាញប្រយោជន៍ពីវិស័យទេសចរណ៍ ។
លោកជំទាវ បានបន្ថែមថា វិស័យទេសចរណ៍គឺជាវិស័យមួយដ៏មានអាទិភាពក្នុងការប្រកបអាជីវកម្ម បើទោះបីជាវិស័យមួយនេះពិតជាងាយរងគ្រោះក៏ពិតមែន ប៉ុន្តែប្រសិនបើអាជីវករ ក៏ដូចជាប្រតិបត្តិករ ផ្ដល់នូវសេវាកម្មទៅដល់ភ្ញៀវទេសចរឱ្យសម្បូរបែបនោះ គឹនឹងអាចរកប្រាក់ចំណូលបានយ៉ាងងាយស្រួល ខណៈដែលវិស័យមួយនេះគឺជាវិស័យនាំចេញនៅនឹងកន្លែង ។
« ដោយសារតែកម្ពុជាសម្បូរបែបទៅដោយសក្ដានុពលទេសចរណ៍យើងមានសសរស្តម្ភ យើងមានសម្បត្តិវប្បធម៌ អេកូទេសចរណ៍ មានភាពជាខ្មែររបស់យើង មានឆ្នេរដ៏ស្រស់ស្អាត ដូច្នេះយើងមានភាពខ្លាំងរបស់យើងច្រើនរួចទៅហើយ ដោយយើងគ្រាន់តែដុសខាត់យកសម្រស់ទាំងអស់នោះមកលក់ជាសេវាកម្ម គឺអាចទទួលបានអត្ថប្រយោជន៍អំពីភ្ញៀវដែលមកទស្សនានោះហើយ » ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាមានតំបន់ទេសចរណ៍សំខាន់ៗសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើន រួមមាន ៖ រមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ ភ្នំគូលែន ភ្នំបូកគោ ប្រាសាទបាណន់ ប្រាសាទវត្តឯក រមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទព្រះវិហារ រមណីយដ្ឋានប្រវត្តិសាស្ត្រនិងធម្មជាតិវប្បធម៌ភ្នំក្រោម ប្រាសាទសំបូរព្រៃគុក ប្រាសាទកោះកេរិ៍ ភ្នំសន្ទុក ភ្នំហាន់ជ័យ ប្រាសាទវត្តនគរបាជ័យ ភ្នំជីសូរ កោះរ៉ុង ឆ្នេរអូរឈើទាល ឆ្នេរអូត្រេះ ឆ្នេរកោះពស់ ទឹកឈូ ឆ្នេរក្រុងកែប គិរីរម្យ វាលវែង បឹងយក្សឡោម ទឹកជ្រោះប៊ូស្រា ក្បាលឆាយ រមណីយដ្ឋានចាំយាម ឆ្នេរសមុទ្រខេត្តព្រះសីហនុ ភូមិបណ្ដែតទឹកបឹងទន្លេសាប ជាដើម ៕អត្ថបទ៖ ស៊ឹង សុផារី ផ្សាយដោយ៖ ធូ កុសល