ខេត្តកំពត ៖ មន្ត្រីក្នុងដែនជំនាញបានប្រទះឃើញសត្វក្រៀលចំនួន ២ក្បាល ដែលបានមកចុះដំបូងគេសម្រាប់រដូវកាលឆ្នាំ២០២៣-២០២៤ នៅបឹងធម្មជាតិអន្លង់ព្រីង ស្ថិតក្នុងឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ជាទីកន្លែងដែលពពួកសត្វកម្រប្រភេទនេះ តែងមកស្នាក់ដើម្បីរកចំណីជាទៀងទាត់មុនធ្វើបម្លាស់ទីទៅកាន់កន្លែងបន្ទាប់។
លោក ឈឹម ម៉េង នាយកតំបន់ការពារទេសភាពអន្លង់ព្រីងបានប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញថា ជាថ្ងៃដំបូងដែលសត្វក្រៀលបានមកចុះរកចំណី និងស្នាក់នៅបឹងធម្មជាតិអន្លង់ព្រីង។ តាមរយៈការតាមដានពេញមួយថ្ងៃ វត្តមានសត្វកម្រប្រភេទនេះទើបតែមានចំនួន ២ក្បាលប៉ុណ្ណោះ។
លោកនាយកតំបន់ការពារទេសភាពអន្លង់ព្រីង បានបន្តថា ជាធម្មតា រវាង៤ ឬ៥ថ្ងៃខាងមុខ ពួកវានឹងត្រឡប់ទៅវិញរយៈពេលខ្លី ដើម្បីនាំហ្វូងធំមកចុះស្នាក់នៅពេញមួយរដូវ ហើយជារួម ការមកមុនបែបនេះប្រៀបបាននឹងបេសកជនចុះពិនិត្យសភាពការណ៍ដូចច្នោះដែរ។ ដោយ៖ AKP