ខេត្តស្ទឹងត្រែង ៖ តម្បាញស្បូវ(ហៅថាក្រងស្បូវ)ជាស្នាដៃដូនតាបង្កើតឡើងពីជំនាន់ដើមសម្រាប់ប្រក់ផ្ទះសម្បែងរស់នៅ ហើយស្នាដៃនេះត្រូវបានប្រជាពលរដ្ឋមួយចំនួនយកមកធ្វើជាមុខរបរប្រចាំគ្រួសារ ដើម្បីរកប្រាក់ចំណូលដោះស្រាយជីវភាព និងបានអភិរក្សកេរដំណែលនេះផង ។
នៅក្នុងសកម្មភាពក្រងស្បូវរបស់គ្រួសារកសិករនៅភូមិព្រៃចាស់ សង្កាត់សាមគ្គី ក្រុងខេត្តស្ទឹងត្រែងថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២៣ លោកស្រីមាស ចាន់ថេន បានបញ្ជាក់ថា៖ បច្ចុប្បន្ននេះដោយសារប្រទេសជាតិយើងមានភាពអភិវឌ្ឍជឿនលឿន ប្រជាជនរស់នៅតាមទីក្រុង មិនយកស្បូវទៅប្រក់ផ្ទះទៀតទេ ហើយប្រជាជននៅតាមភូមិទីជនបទមួយចំនួនក៏បានបោះបង់ចោលឈប់យកស្បូវទៅប្រក់ផ្ទះដែរ តែនៅមានប្រជាកសិករ និងអតិថិជនតិចតួចតែប៉ុណ្ណោះ ទិញយកទៅប្រើប្រាស់ តាមតម្រូវការផ្សេងៗពីគ្នា ។
លោកស្រីបន្តថា ដោយសារគ្មានដើមទុន ក្នុងការប្រកប របររកស៊ីធំដុំនោះ លោកស្រីបានចាប់យកមុខរបរក្រងស្បូវលក់ ទោះបីថាការទៅរកស្បូវពីព្រៃមក មានភាពលំបាកនិងនៅឆ្ងាយពីផ្ទះក៏ដោយ។
សំឡេង៖ « ស្បូវនេះទៅរកពីព្រៃមកពិបាកណាស់ ហើយទំរាំបានមួយបាច់ៗ ពេលខ្លះអត់មានលុយជួលគោយន្តគេដឹកជញ្ជូន យើងទូលមកពីព្រៃអ៊ីចឹងទៅ ក្នុងមួយថ្ងៃរកបានតែពីៗបីបាច់ យកមកក្រងលក់ឱ្យគេខ្លះគេទិញខ្លះគេមិនទិញអ៊ីចឹងទៅគ្រាន់បានលុយខ្លះ។
លោក ប៉ៃ ចាន់ណា បានទទួលស្គាល់ថា៖ទោះបីជួបបញ្ហាប្រឈមបែបនេះក៏ដោយតែសប្បាយចិត្តព្រោះយើងចេះកែច្នៃធនធានធម្មជាតិមាននៅក្នុងភូមិសាស្ត្រដែលយើងរស់នៅដែលជាមុខរបរសុចរិតនៅក្នុងសង្គមនិងចៀសវាងបានពីការទៅប្រកបមុខរបរជួញដូរផ្តេសផ្តាស់ ។
លោកបន្តថា ការងារក្រងស្បូវនេះ ទោះបីធនធានធម្មជាតិរកបានដោយលំបាកមែន ក៏ប៉ុន្តែយើងលក់បានមួយកណ្តប២.០០០រៀល ធ្វើឱ្យយើងមានប្រាក់ចំណូលប្រចាំថ្ងៃ ដែលយើងខំធ្វើការងារដោយខ្លួនឯង ស្រួលជាងទៅស៊ីឈ្នួលលក់កម្លាំងពលកម្ម ឬធ្វើចំណាកស្រុកទៅក្រៅប្រទេស ។
សំឡេង៖ «ខ្ញុំគិតថាចំណាកប្រទេសបើគេធ្វើការចំការងារល្អទៅ ក៏វាល្អដែរ បើថានៅផ្ទះយើងអញ្ចេះក៏វាម្យ៉ាងដែរ បាននៅជុំប្រពន្ធកូនហើយអ្នកទៅធ្វើការក៏គេមិនប្រាកដថាគេអន់ដែរតែសម្រាប់យើងនៅភូមិនេះគឺមានការងារធ្វើអ៊ីចឹងសឹងតែគ្រប់គ្នា»។
លោក ជា ម៉ាលី ចៅសង្កាត់សាមគ្គីបានបញ្ជាក់ថា នេះជាកិច្ចការដែលអាជ្ញាធរមូលដ្ឋាន បានគាំទ្រដល់បងប្អូនប្រជាពលរដ្ឋ ព្រោះយើងចំណាយតែកម្លាំងទទួលបានផលប្រយោជន៍សម្រាប់កែប្រែជីវភាពរស់នៅ និងបានអភិរក្សកេរដំណែលស្នាដៃដូនតាបានបង្កើតឡើងពីជំនាន់ដើមមកកុំឱ្យបាត់បង់ ។
សូមបញ្ជាក់ថា ស្បូវកណ្តបកំពុងពេញនិយមរបស់បងប្អូនអាជីវកម្ម ដែលបង្កើតរមណីយដ្ឋានអេកូទេសចរណ៍ ទិញយកទៅប្រក់រោងអង្គុយកម្សាន្ត និងប្រជាពលរដ្ឋខ្លះទិញយកទៅប្រក់ខ្ទម ស្រែចម្ការ ចំណែកផ្ទះសម្បែងឈប់ប្រើប្រាស់ហើយព្រោះបងប្អូនយើងនិយមទិញដែកស័ង្កសី ឬស្ស៊ីបប្រូស៊ីម៉ង់ ក្បឿង យកទៅប្រក់ជំនួសវិញ វាមានគុណភាពប្រើប្រាស់បានយូរ៕ ផ្សាយដោយ៖ កន ចំណាន, អត្ថបទ៖ គឹម ហឿន