អាជ្ញាធរជាតិអប្សរានឹងបញ្ចប់ការជួសជុលបង្កាន់ដៃនាគ និងខឿនជណ្តើរខាងត្បូង របស់ប្រាសាទអង្គរវត្តនៅដំណាច់ខែវិច្ឆិកានេះ !!!

ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា តាមរយៈការខិតខំប្រឹងប្រែង របស់ក្រុមអ្នកជំនាញ នឹងបញ្ចប់ការងារជួសជុលបង្កាន់ដៃនាគ និងខឿនជណ្តើរខាងត្បូង នៅប្រាសាទអង្គរវត្ត នាដំណាច់ខែវិច្ឆិកានេះ។លោក សយ សុភារិន្ទ បុរាណវិទូ នៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា បានឱ្យដឹងថា រយៈពេលបីខែកន្លងមកនេះ ក្រុមការងាររបស់លោក បានខិតខំប្រឹងប្រែងជួសជុល បង្កាន់ដៃនាគ និងខឿនជណ្តើរផ្នែកខាងត្បូង របស់ប្រាសាទអង្គរវត្ត ដោយបានសម្រេចលទ្ធផលជាង៩០ភាគរយហើយ។

លោកបន្តថា ក្រុមការងារបានជួសជុលពង្រឹងគ្រឹះខឿនជណ្តើរ និងបង្កាន់ដៃនាគ ដោយបែងចែកជា៣ដំណាក់កាល គឺដំណាក់កាលទី១ ជួសជុលពង្រឹងខឿនជណ្តើរ ដែលស្រុត ដោយរៀបថ្មខឿន ទាំងឡាយដែលក្រៀកហែកឱ្យត្រូវតាមលំនាំដើម និងស្តារប្រព័ន្ធរំដោះទឹកបុរាណឡើងវិញ។ ដំណាក់កាលទី២ គឺជួសជុលក្បាលនាគ ដែលមិនមានលំនឹងឱ្យឈររឹងមាំឡើងវិញ ដោយថែមថ្មថ្មី ជំនួសខ្លួននាគដែលបាត់បង់ផង។ ចំណែកដំណាក់កាលទី៣ ជួសជុលបង្កាន់ដៃនាគប្រវែង១៥ម៉ែត្រ រួមទាំងរចនាសម្ព័ន្ធនៃគ្រឿងបង្គុំនាគ ដើម្បីឱ្យខ្លួននាគរត់ត្រង់ស្មើគ្នាដូចដើមឡើងវិញ។ ក្នុងនោះការជួសជុលតួខ្លួននាគ និងក្បាលនាគសម្រេចបានប្រវែងសរុប១៨ម៉ែត្រ។

លោកបញ្ជាក់ថា ការងារជួសជុលបង្កាន់ដៃនាគ និងខឿនជណ្តើរខាងត្បូងនៃប្រាសាទអង្គរវត្តនេះ បានចាប់ផ្តើមជួសជុលតាំងតែពីពាក់កណ្ដាលខែកក្កដា។ ចំណែកការងារមួយចំនួនទៀត ដែលនៅ សេសសល់មានដូចជា ការដាប់រំលីងថ្មតួខ្លួននាគថ្មី ការបុកបង្ហាប់ដីនៅតាមជើងទ្រខាងក្រោមនៃទ្រនាប់ជើងនាគ ការពារការហូរច្រោះទឹក និងការបញ្ចៀសការខូចខាតជាបន្តទៀត ដោយគ្រោងនឹងបញ្ចប់នៅមុនដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ ការងារជួសជុលបង្កាន់ដៃនាគ និងខឿនជណ្តើរទិសខាងត្បួង នៃប្រាសាទអង្គរវត្តនេះ យើងបានចាប់ផ្តើមធ្វើតាំងពីពាក់កណ្តាលខែ៧។ ការងារជួសជុលបង្កាន់ដៃនាគនេះ គឺសម្រេចបានប្រមាណជាជាង៩០ភាគរយហើយ អ៊ីចឹងការងារហ្នឹងវាជិតចប់ហើយ។ តាំងពីពេលចាប់ផ្តើមមក យើងបានបែងចែកការងារហ្នឹងជា៣ដំណាក់កាល គឺការខូចខាតរបស់បង្កាន់ដៃនាគ ក៏ដូចជាខឿនជណ្តើរនាគ វាមានហានិភ័យខ្ពស់។ បើតាមការបញ្ជាក់ពីអ្នកជំនាញ ទីតាំងខាងលើធ្លាប់មានប្រវត្តិនៃការសម្អាត និងជួសជុលខ្លះៗ តាំងពីអំឡុងសម័យបារាំង នាឆ្នាំ១៩០៨។ មកដល់បច្ចុប្បន្ន ស្ថានភាពនៃបង្កាន់ដៃនាគ និងខឿនជណ្តើរ បានរងការខូចខាតខ្លាំង ទើបអ្នកជំនាញបានស្នើសុំការជួសជុលឡើងវិញដើម្បីចៀសវាងហានិភ័យនានា៕ អត្ថបទដោយ៖ លោកអេង យូ, ផ្សាយដោយ៖ ប៉ោ កុសល

You might like

Leave a Reply

Your email address will not be published. Required fields are marked *