ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ និងកម្លាំងអធិការក្រុង-ស្រុកទាំង៩ ចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងឆ្នោតឡូតូ ដែលមានបង្កប់ទៅដោយល្បែងស៊ីសងខុសច្បាប់ ហើយបានឲ្យធ្វើកិច្ចសន្យាអប់រំម្ចាស់ទីតាំងឲ្យបញ្ឈប់សកម្មភាពនេះទាំងអស់។
ការចុះបង្ក្រាបនេះបានធ្វើឡើងអំឡុងពេលថ្មីៗនេះ ។ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត បានប្រាប់ថា ការចុះបង្ក្រាបទាំង៦ទីតាំងរួមមាន៖
*ទី១៖ ក្រុងប៉ោយប៉ែត ចំនួន ៦ទីតាំង
*ទី២៖ ក្រុងសិរីសោភ័ណ ចំនួន ៩ទីតាំង
*ទី៣៖ ស្រុកមង្គលបូរី ចំនួន ២ទីតាំង
*ទី៤៖ ស្រុកម៉ាឡៃ ចំនួន ៦ទីតាំង
*ទី៥៖ ស្រុកព្រះនេត្រព្រះ ចំនួន ៣ទីតាំង
*ទី៦៖ ស្រុកថ្មពួក ចំនួន ២ទីតាំង។
លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត បានបន្តទៀតថា ប្រតិបត្តិការនេះបានធ្វើឡើងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។ លោកបានឲ្យកំលាំងនគរបាលចុះធ្វើការស្រាវជ្រាវ រុករកទីតាំងណាដែលលួចលាក់បង្កប់ល្បែងឆ្នោតឡូតូ ពិសេសនៅតាមផ្ទះគ្រប់ក្រុងស្រុកទាំង៩ ត្រូវចុះបង្ក្រាបជាបន្ទាន់ ៕