សម្តេចតេជោ ហ៊ុន សែន ៖ «ប្រសិនបើគ្មានបទឈប់បាញ់មួយទេ តំបន់ហ្រ្គាសា នឹងក្លាយទៅជាវាលពិឃាដ និងជាកន្លែងកប់ខ្មោចដ៏ធំជាងគេនៅលើពិភពលោក !!!

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នារសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ បានបញ្ចេញសារតាមរយៈទំព័របណ្ដាញសង្គម ដោយមានប្រសាសន៍ពាក់ព័ន្ធជាមួយសកម្មភាពបាញ់បោះរវាងប្រទេសអ៊ីស្រាអែល និង ក្រុមហាម៉ាស់ ។

នៅក្នុងសារនោះ សម្ដេចតេជោបានមានប្រសាសន៍ថា «កន្លងមកមានការអំពាវនាវពីសហគមន៍អន្តរជាតិ ឱ្យមានបទឈប់បាញ់មួយនៅតំបន់ ហ្រ្គាសា តែត្រូវបានបដិសេដ្ឋដោយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល ដោយគាត់បានថ្លែងថា (នឹងមិនមានបទឈប់បាញ់ទេ ប្រសិនបើមិនមានការដោះលែងចំណាប់ខ្មាំង)។ ប្រសិនជាពាក្យនេះ ជាពាក្យរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល ដូចសារព័ត៌មានចុះផ្សាយពិតប្រាកដមែន ខ្ញុំមើលឃើញថា វាជាច្រកចេញឆ្ពោះទៅរកបទឈប់បាញ់មួយ ប្រសិនបើក្រុមហាម៉ាស់ យល់ព្រមដោះលែងចំណាប់ខ្មាំង ដើម្បីដោះដូរជាមួយបទឈប់បាញ់» ។

ជាមួយគ្នាននេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវថា «ខ្ញុំសូមអំពាវនាវដល់អគ្គលេខាធិការ អង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធ សូមចាប់ផ្តើមរកការចរចាដោយផ្តើមចេញពីការដោះលែងចំណាប់ខ្មាំង ដោយក្រុមហាម៉ាស់ និងការសន្យារបស់អ៉ីស្រាអែលថា នឹងឈប់បាញ់ប្រសិនមានការដោះលែងចំណាប់ខ្មាំង។ ខ្ញុំក៏សូមអំពាវនាវដល់ក្រុមហាម៉ាស់ នៃប៉ាឡេស្ទីន សូមធ្វើការដោះលែងចំណាប់ខ្មាំង ដើម្បីឈានឆ្ពោះទៅរកបទឈប់បាញ់ ដែលជាផលប្រយោជន៍អាយុជីវិត នៃប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្រ្គាសាស្រ្ទីបទាំងមូល»៕សម្រួលផ្សាយដោយ៖ ប៉ោ កុសល

You might like

Leave a Reply

Your email address will not be published. Required fields are marked *