ខេត្តបាត់ដំបង ៖ ថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម NGUYEN THANH VAN ដែលជា អគ្គកុងស៊ុល សាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង និង ទទួលបន្ទុកកិច្ចការកុងស៊ុលនៅខេត្តទាំង៧ នៃភាគពាយ័ព្យប្រទេសកម្ពុជា បានចូលសម្តែងការគួរសម និងជូនពរខួបអនុស្សាវរីយ៍លើកទី៧០ នៃពិធីបុណ្យឯករាជ្យជាតិ ដល់ថា្នក់ដឹកនាំយោធភូមិភាគទី៥។
ក្នុងឱកាសចូលជួបសម្តែងការគួរសមនេះដែរ ស្ថានអគ្គកុងស៊ុលវៀតណាម បានសម្តែងនូវការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការ រវាងយោធភូមិភាគទី៥ និងស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង ដែលបានថែរក្សាចំណងមិត្តភាព និងសហប្រតិបត្តិការគ្នាបានយ៉ាងល្អ និងជូនពរដល់ នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងយោធភូមិភាគទី៥ សូម
ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ សុភមង្គលក្នុងគ្រួសារ និងទទួលបានជោគជ័យលើគ្រប់កិច្ចការ និងជួបប្រទះតែពុទ្ធទាំងបួនគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន ក៏បានសម្តែងនូវការស្វាគមន៍ បដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់ដោយក្តីរីករាយ និងថ្លែងការកោតសរសើរចំពោះបេសកកម្មការទូត របស់ស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង ដែលកន្លងមកមានស្នាដៃ ក្នុងការទំនាក់ទំនងកិច្ចសហប្រតិបត្តិការបានល្អ និងគាំទ្រយ៉ាងពេញទំហឹង ក្នុងការពង្រឹងនូវកិច្ច សហប្រតិបត្តិការល្អលើគ្រប់វិស័យ យ៉ាងស្អិតរមួតរវាង់យោធភូមិភាគទី៥ និងស្ពានអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង ក៏ដូចជាបន្តការពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំង២ (កម្ពុជា វៀតណាម) លើគ្រប់វិស័យផងដែរ៕