«ទំឆប្រែពីតំបន់សមរភូមិមកជាប៉ូលទេសចរណ៍ដ៏សំខាន់ទី៣នៃខេត្តកំពត !!!

ខេត្តកំពត ៖ ទំនប់ម្លេច ជាអតីតតំបន់សមរភូមិដ៏ក្ដៅមួយរវាងកងទ័ពរដ្ឋាភិបាល និងកងទ័ពខ្មែរក្រហម ប៉ុន្តែបច្ចុប្បន្នទីដ៏មានសក្ដានុពលនេះបានប្រែក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ពោលគឺជាប៉ូលទេសចរណ៍សំខាន់ទី៣នៃខេត្តកំពត។

ទំនប់ម្លេចនេះជាទំនប់ស្ទាក់ទឹកទុកបានយ៉ាងច្រើនបង្កើតបានជាបឹងដ៏ធំមួយ អមដោយជួរភ្នំព័ទ្ធជុំវិញប្រកបដោយសោភ័ណភាពស្រស់ត្រកាល ប្រសិនបើរដូវរាំងភ្លៀងវិញគឺទឹកបឹងថ្លាខ្យង ហើយគង់នៅខួបប្រាំងខួបវស្សា។ លម្ហរមណីដ្ឋានដ៏ធំធេងនេះរំលេចបាននូវទស្សនីយភាពយ៉ាងច្រើនអនេកតាមរដូវកាល ដែលភ្ញៀវទេសចរតែងតែទៅដកយកបទពិសោធន៍នៅទីនោះដោយមិនចេះជិនណាយ។

លោក សយ ស៉ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា កាលពីជំនាន់សង្គ្រាមស៉ីវិល ទំនប់ម្លេចនេះជាតំបន់សមរភូមិក្ដៅមួយរវាងកងទ័ពរដ្ឋាភិបាល និងកងទ័ពខ្មែរក្រហម ប៉ុន្តែក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ទីដ៏មានសក្ដានុពលនេះបានប្រែក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ពោលគឺជាប៉ូលទេសចរណ៍សំខាន់ទី៣នៃខេត្តកំពត បន្ទាប់ពីភ្នំបូកគោ និងតំបន់ទឹកឈូ។

Join Telegram លោកប្រធានមន្ទីរបានបន្តថា មុនពេលទំបន់ម្លេចក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញនេះ មន្ទីរទេសចរណ៍ខេត្តកំពតបានសហការជាមួយមន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុក ឃុំ ផ្នែកឯកជន រួមគ្នារៀបចំឱ្យមានប្លង់អភិវឌ្ឍន៍រួម ហេដ្ឋារចនាសម្ពន្ធ ពិសេសគឺការវិនិយោគបង្កើតសេវាកម្មទេសចរណ៍យ៉ាងច្រើននៅតំបន់នេះ ដើម្បីទាក់ទាញការទស្សនារបស់ភ្ញៀវទេសចរ។ លោកថា មន្ទីរទេសចរណ៍ខេត្តក៏បានផ្ដល់ការបណ្ដុះបណ្ដាលផ្នែកបដិសណ្ឋារកិច្ច សុវត្ថិភាពភ្ញៀវទេសចរ គុណភាពចំណីអាហារ ការគ្រប់គ្រងអនាម័យ បរិស្ថាន និងសំរាម ព្រមទាំងមានការប្រជុំត្រួតពិនិត្យលើកិច្ចការបម្រើសេវាកម្មទេសចរណ៍នេះយ៉ាងទៀងទាត់។

លោក ប៉ុង វណ្ណា ម្ចាស់រមណីយដ្ឋានទេសចរណ៍ Mlech Adventure ដែលនៅជាប់នឹងបឹងម្លេចនោះដែរបានឱ្យដឹងថា ដោយសារមើលឃើញទីតាំងបឹងម្លេចនេះមានទេសភាពល្អស្រស់ត្រកាលគួរជាទីគយគន់ ជាមួយនឹងសម្រស់បឹងស្ទាក់ទឹកដ៏ធំធេង អមដោយជួរភ្នំព័ទ្ធជុំវិញ លោកក៏សម្រេចចិត្តបង្កើតរមណីយដ្ឋានទេសចរណ៍មួយឡើងកាលពីឆ្នាំ២០១៩ ដើម្បីបង្កើតជាផលិតផលទេសចរណ៍មួយនៅតំបន់នេះ និងដើម្បីឱ្យភ្ញៀវទេសចរស្គាល់ទីនេះកាន់តែច្រើន ក៏ដូចជាជំរុញចលនាទេសចរក្នុងស្រុក។

លោក ប៉ុង វណ្ណា បានបន្តថា សេវាកម្មទេសចរណ៍នៅរមណីយដ្ឋាន Mlech Adventure មានដូចជា ការជិះម៉ូតូកង់បួនជុំវិញបឹង ជិះទូកកាណូតកម្សាន្តនៅលើបឹង ជិះទូកកៃយ៉ាក់នៅជិតៗតូបខ្យុះ មានទីលានបាញ់ធ្នូកម្សាន្ត ខ្យុះពិសាម្ហូបអាហារ ស្ពានបណ្ដែតទឹកដើរលេងកម្សាន្ត ទីលានបោះតង់ជិតមាត់ទឹកបរិយាកាសស្រស់ស្រាយ មានភោជនីយដ្ឋានបម្រើសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ កាហ្វេ រីឯត្រីសាច់បន្លែដែលយកមកធ្វើម្ហូបអាហារ គឺទិញពលរដ្ឋដែលរកបានពីក្នុងភូមិដ្ឋាន បឹង ព្រៃភ្នំជាដើម ដែលម្ហូបអាហារសុទ្ធតែមានបញ្ជីតម្លៃត្រឹមត្រូវ។ ក្រៅពីនេះក៏មានសេវាកម្មរៀបចំការកម្សាន្តលក្ខណៈជាក្រុម ដែលភ្ញៀវជាក្រុមរបស់ក្រុមហ៊ុន សាលារៀន ឬអង្គភាពផ្សេងៗអាចកក់ឱ្យរៀបចំជូនបាន ខណៈទីតាំងគឺធំទូលាយ និងជាបណ្ដុំសេវាកម្មទេសចរណ៍សម្បូរបែប។

ម្ចាស់រមណីយដ្ឋានទេសចរណ៍រូបនេះមានគោលការណ៍អភិវឌ្ឍន៍កែលម្អតុបតែងសោភ័ណភាពជាបន្តបន្ទាប់ ដោយសារតែលោកយល់ឃើញថាភ្ញៀវទេសចរតែងតែចង់ទៅកម្សាន្តនៅទីកន្លែងដែលប្លែកថ្មី ពោលគឺមិនចូលចិត្តអ្វីដែលដដែលនោះទេ ដូច្នេះរមណីយដ្ឋានរបស់លោកក៏ត្រូវតែធ្វើឱ្យប្លែកជារឿយៗដែរ ដើម្បីបន្តទាក់ទាញភ្ញៀវទេសចរឱ្យមកហើយចង់មកទៀត។

គួរជម្រាបថា ទំនប់ម្លេច មានទីតាំងស្ថិតនៅភូមិត្រពាំងឈើទាល ឃុំច្រេះ ស្រុកជុំគិរី ខេត្តកំពត មានចម្ងាយប្រមាណ១០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដោយភ្ញៀវទេសចរត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៣ ហើយទៅហួសចំណុចព្រំប្រទល់ខេត្តតាកែវនិងខេត្តកំពតបន្តិចនឹងបានឃើញផ្លូវបត់ស្ដាំ ហើយបន្តដំណើរប្រមាណ៥គីឡូម៉ែត្រទៀត ភ្ញៀវទេសចរនឹងបានទៅដល់ទំនប់ម្រេចនេះជាក់ជាពុំខាន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *