អន្តរជាតិ៖ ព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ីន សាល់ម៉ាន បានមានព្រះបន្ទូលថា ការវាយប្រហារដែលមានគោលដៅលើជនស៊ីវិលនៅក្នុងតំបន់ហ្កាហ្សាគឺជាបទឧក្រិដ្ឋដ៏ឃោរឃៅ និង ព្រមានពីផលវិបាកដ៏គ្រោះថ្នាក់ប្រសិនបើសង្រ្គាមអ៊ីស្រាអែល និងហាម៉ាស ផ្ទុះរាលដាលកាន់តែធំ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។
ព្រះអង្គម្ចាស់ ប៊ីន សាល់ម៉ាន មានព្រះបន្ទូលបែបនេះ នៅក្នុងជំនួបជាមួយលោក Rishi Sunak នាយករដ្ឋមន្ត្រីអង់គ្លេស ដែលបំពេញ ទស្សនកិច្ចក្នុងទីក្រុង រីយ៉ាដ បន្ទាប់ពីធ្វើទស្សនកិច្ចនៅអ៊ីស្រាអែល ដើម្បីជំរុញឱ្យមានការបើកច្រក ផ្ដល់ជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្កាហ្សា។
ក្នុងជំនួបនោះព្រះអង្គម្ចាស់រជ្ជទាយាទ ក៏បានអះអាង ឡើងវិញផងដែរថា អារ៉ាប៊ីសាអូឌីតចាត់ទុកការវាយប្រហារដែលមានគោលដៅលើជនស៊ីវិល ក្នុងតំបន់ហ្កាហ្សា ជាបទឧក្រិដ្ឋដ៏ឃោរឃៅ និងបានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការផ្ដល់ការគាំពារ ដល់ ជនស៊ីវិល។ លោក Sunak និងព្រះអង្គម្ចាស់ ប៊ីន សាល់ម៉ាន បានឯកភាពគ្នាថា ការបាត់បង់អាយុជីវិត ជនស៊ីវិលទាំងនៅអ៊ីស្រាអែល និងហ្កាហ្សា ក្នុងរយៈពេលជាង ២សប្ដាហ៍មកនេះ គឺជារឿងរន្ធត់ជាទីបំផុត និងបានលើកឡើងពីភាពចាំបាច់នៃការបើកច្រកមនុស្សធម៌ទៅក្នុងតំបន់ហ្កាហ្សា ដើម្បីផ្ដល់ជំនួយបន្ទាន់ ដូចជាទឹក ចំណីអាហារ និងថ្នាំពេទ្យជាដើម៕អត្ថបទ៖ កញ្ញា ខៀវ ណាវីន ផ្សាយដោយ៖ ធូ កុសល