ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំបានឱ្យដឹងថា ភ្នំសន្ទុក គឺជារមណីដ្ឋានរប្បធម៌ និង ធម្មជាតិ ដែលល្បីល្បាញមួយនៅក្នុងខេត្តកំពង់ធំ ដែលភ្ញៀវទេសចរចូលចិត្តទៅលេងកម្សាន្ត ។
លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំបានមានប្រសាសន៍ឱ្យដឹងថា នៅក្នុងឱកាស បុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋជាច្រើនតែងតែនាំគ្នាមកធ្វើបុណ្យ នៅក្នុងរមណីយដ្ឋានភ្នំសន្ទុក ដោយសារតែទីតាំងនេះ ជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាល ហើយជាតំបន់ទេសចរណ៍យ៉ាងសំខាន់ នៅក្នុងទឹកដីខេត្ដកំពង់ធំ ដោយនៅលើភ្នំមានទីអារាមសាសនា សម្រាប់ពុទ្ធបរិស័ទជួបជុំគ្នា នាឱកាស បុណ្យទានម្ដងៗ សមស្របទៅតាមគន្លងប្រពៃណីរបស់ព្រះពុទ្ធសាសនាទៀតផង។
លោកបន្តថា នៅពេលដែលប្រជាពលរដ្ឋបានមក បានឡើងដល់កំពូលភ្នំ និងជួបព្រះវិហារ១នៅជាប់មាត់កាំជណ្តើរ អាស្រមអ្នកតា ថ្មអណ្តែត ហើយអាចមើលឃើញ ទេសភាពយ៉ាងស្អាតនៅជុំវិញខ្លួនយើងពីលើកំពូលភ្នំមក មានវាលស្រែព្រៃឈើពណ៌បៃតង លំនៅឋានប្រជាជន ទឹកទន្លេស្ទឹងបឹងបួរ ផ្ទៃមេឃខៀវស្រងាត់ រួមជាមួយខ្យល់អាកាសបរិសុទ្ធធម្មជាតិទៀតផង។
លោកប្រធានមន្ទីរបន្ថែមថា នៅលើកំពូលភ្នំ ក៏មានរូបព្រះពុទ្ធបដិមាដ៏អស្ចារ្យ ដែលធ្វើឡើងពីថ្មភ្នំ ឥរិយាបថចូលព្រះនិព្វាន ដែលមានប្រវែងជាង១០ ម៉ែត្រ និងមានរូបចម្លាក់ព្រះពុទ្ធរូបដទៃទៀត ដែលហាក់ដូចជាផុសចេញពីផ្ទាំងថ្មសម្រាប់ការគោរពបូជាជាដើម។
«នៅពេលរាល់បុណ្យទានពិសេសបុណ្យភ្ជុំបិណ្ឌម្តងៗក៏ដូចជាបុណ្យទានផ្សេងៗ តំបន់ភ្នំសន្ទុកគឺជាតំបន់មួយដែលទាក់ទាញបំផុតនៅពេលរដូវបុណ្យភ្ជុំបិណ្ឌ ព្រោះទីកន្លែងហ្នឹង ជារមណីយដ្ឋានមួយដែលគោរពបូជាព្រះពុទ្ធសាសនាក៏ដូចជាកន្លែងកម្សាន្តលេងផងដែរ ដែលជាតំបន់ភ្នំ ហើយយើងអាចឡើងទៅកម្សាន្តនៅលើភ្នំ ដែលមានកាំជណ្តើរ ឡើងជាង៨០០កាំ។»
គួរជម្រាបថា រមណីយដ្ឋានភ្នំសន្ទុក ស្ថិតក្នុងភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ មានចម្ងាយ ១៥គ.ម ពីទីរួមខេត្ត ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៦ ហើយបត់ឆ្វេងប្រហែល ២គ.ម ទើបទៅដល់៕ ដោយ៖ ធីណា ឌីណា, ផ្សាយដោយ៖ កន ចំណាន