សហគមន៍ទេសចរណ៍ទឹក ធ្លាក់ជ្រាវ ជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល របស់ខេត្តកំពង់ស្ពឺ កំពុងទាក់ទាញភ្ញៀវទេសចរឱ្យទៅងូតទឹកលេងកម្សាន្តនិងបោះតង់ ដែលបានជួយលើកស្ទួយជីវភាពប្រជាសហគមន៍នៅក្នុងតំបន់នោះបានកាន់តែល្អប្រសើរ ។
លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា តំបន់រមណីយដ្ឋានទឹក ធ្លាក់ជ្រាវមានសក្តានុពលធំធេងណាស់ ព្រោះវាស្ថិតក្នុងតំបន់ជួរភ្នំឱរ៉ាល់ដែលប្រមូលផ្តុំដោយសហគមន៍ទេសចរណ៍ អេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង ហើយអ្វីដែលអស្ចារ្យខ្លាំងនោះ គឺតំបន់នេះ មានទឹកធ្លាក់ពីលើភ្នំរហូត ដល់ ១៥ ម៉ែត្រ ដែលមានភាពទាក់ ទាញខ្លាំងសម្រាប់ភ្ញៀវទេសចរទៅ លេងកម្សាន្ត។
លោកប្រធានមន្ទីរទេសចរណ៍ បានបន្តថា ទឹកធ្លាក់ជ្រាវ ជាទឹកធ្លាក់ចំនួន៧ថ្នាក់ ដ៏ត្រជាក់សម្រាប់អ្នកទៅលេងលម្ហែកាយ។ ទីនោះជាតំបន់ទេសចរណ៍ធម្មជាតិមួយដែលមានព្រៃភ្នំព័ទ្ធជុំវិញ និងកំពុងតែទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍ជាតិទៅលេងកម្សាន្ត ក្រោយពីតំបន់ទេសចរណ៍ធម្មជាតិមួយនេះ ត្រូវបានគេស្គាល់ និងនិយាយតៗគ្នាថា ទីនោះមានបរិយា កាសល្អ មានធម្មជាតិស្រស់ស្អាត។
លោកប្រធានមន្ទីរទេសចរណ៍បានបន្តទៀតថា ភ្ញៀវទេសចរដែលទៅ កាន់ទីនោះ អាចចុះងូតទឹក និងហែលទឹកលេង និងអង្គុយគយគន់ទេសភាពព្រៃភ្នំ មើលទឹកធ្លាក់ និងរៀបអាហារជួបជុំគ្រួសារតាមចំរាក់ផ្ទាំងថ្មក្រោមម្លប់ដើមឈើដ៏ត្រជាក់ និងអង្គុយតាមក្ចុសស្តាប់សំឡេងសត្វយំលាយឡំនឹងស្នូរទឹកជ្រោះហូរធ្លាក់ពីលើថ្មដាមិនដាច់សំឡេង ។
«សហគមន៍ជ្រាវហើយនឹងរមណីយដ្ឋានចម្ការក្រូចគឺនៅជាប់គ្នា អ៊ីចឹងពីរហ្នឹងប្រាស្រ័យទាក់ទងគ្នាផ្លូវតែមួយគេអាចទៅលេងចម្ការក្រូចឬទៅលេងសហគមន៍ជ្រាវ។ នៅសហគមន៍ជ្រាវនេះគឺជាសហគមន៍ដែលមានទឹកធ្លាក់ពីដំណាក់ទី១ រហូតដល់ដំណាក់ទី៧ កាលណាយើងឡើងកាន់តែខ្ពស់ទឹកធ្លាក់កាន់តែស្អាត អ៊ីចឹងយុវវ័យគាត់ចូលចិត្តទៅកម្សាន្តនៅទីនោះ។ ក្នុងសហគមន៍ក៏យើងមានលក់ផលិតផល ដែលជាផលិតផលក្នុងស្រុកដូចជាដំណាំផ្លែឈើឬក៏ម្ហូបអាហារដែលមានតម្លៃសមរម្យនោះទេ មិនមានការកាប់ឬការកោរអីនោះទេ »។
គួរជម្រាបថា តំបន់ទឹកធ្លាក់ជ្រាវបានបើកឱ្យដំណើរការកាលពីឆ្នាំ២០១៥ ដែលស្ថិតនៅក្នុងភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ មានចម្ងាយប្រមាណជាង ៧០ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ស្ពឺ ដែលទឹកធ្លាក់នេះជាជម្រាលច្រើនដំណាក់ អំណោយផលដល់ការងូតទឹកលេងកម្សាន្ដពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ។
សូមបញ្ជាក់ថា សម្រាប់ការធ្វើដំណើរទៅដល់ទីតាំងនៃ រមណីយដ្ឋានទឹកជ្រោះ«ជ្រាវ» ភ្ញៀវទេសចរមានភាពងាយស្រួល មិនមានការធ្វើដំណើរដោយថ្មើរជើងនៅលើផ្លូវវែងឆ្ងាយនោះទេ។ ចំពោះរថយន្តអាចបើកឡើងទៅដល់ក្បែរទីតាំងលេងកម្សាន្តតែម្តង។ ទោះជារមណីយដ្ឋានទឹកធ្លាក់ជ្រាវមិនមានហាងធំៗ និងទំនើបដូចជារមណីយដ្ឋានដ៏ទៃ តែប្រជាពលរដ្ឋអាចធ្វើការកម្មង់ម្ហូបអាហារបាន ដោយអ្នកលក់នៅទីនោះមានភ្នាក់ងារដឹកជញ្ជូនទៅដល់កន្លែង និងមានសេវាល្អផងដែរ៕ ដោយ៖ យី វិច្ឆិកា, ផ្សាយដោយ៖ កន ចំណាន