លោក ពូទីន និយាយថា ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ គឺបង្ហាញយ៉ាងច្បាស់ពី “ការបរាជ័យ” របស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា !!!

លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីបាននិយាយថា ជម្លោះរវាងអ៊ីស្រាអែល និងក្រុម ហាម៉ាស់ នៅតំបន់ហ្គាហ្សា គឺបង្ហាញយ៉ាងច្បាស់ពី “ការបរាជ័យ” នៃគោលនយោបាយរបស់ទីក្រុង វ៉ាស៊ីនតោននៅមជ្ឈិមបូព៌ា ហើយបានពណ៌នាការបង្កើត “រដ្ឋប៉ាឡេស្ទីនឯករាជ្យ និងអធិបតេយ្យភាព” ថាជា “ភាពចាំបាច់” ក្នុងការដោះស្រាយបញ្ហានេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក ពូទីន បានធ្វើសេចក្តីថ្លែងការណ៍ទាំងនេះ នៅក្នុងអំឡុងពេលជំនួបរបស់លោក ជាមួយ លោក Muhammad Shia al-Sudani នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ នៅទីក្រុងម៉ូស្គូ ប៉ុន្មានថ្ងៃបន្ទាប់ពី ក្រុមហាម៉ាស់ បានបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីស្រាអែល។ លោក ពូទីន បាននិយាយថា “ខ្ញុំគិតថាមនុស្សជាច្រើនយល់ស្របជាមួយខ្ញុំថា នេះគឺជាឧទាហរណ៍ច្បាស់លាស់ នៃការបរាជ័យ ក្នុងគោលនយោបាយអាមេរិកនៅមជ្ឈិមបូព៌ា”។ទន្ទឹមនឹងនោះ លោកក៏បានសង្កត់ធ្ងន់ពីភាពចាំបាច់ នៃការអនុវត្តន៍ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទាក់ទងនឹងការបង្កើត រដ្ឋប៉ាឡេស្ទីនឯករាជ្យ និងអធិបតេយ្យភាព។ លោកបានបន្ថែមថា លោកខាងលិច “មិនបានគិតដល់ ផលប្រយោជន៍មូលដ្ឋានរបស់ប្រជាជនប៉ាឡេស្ទីនទេ”៕អត្ថបទដោយ៖ កញ្ញា ខៀវ ណាវីន, ផ្សាយដោយ៖ ប៉ោ កុសល

You might like

Leave a Reply

Your email address will not be published. Required fields are marked *