ពីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងមហាសន្និបាតលើកទី៧៨ របស់អង្គការសហប្រជាជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមជាប្រទេសបញ្ជូនកងទ័ពមួកខៀវ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងការបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) សម្រាប់ទ្រទ្រង់សកម្មភាពកសាងសន្ដិភាព។
កម្ពុជាមានការប្ដេជ្ញាចិត្តខ្ពស់ ចំពោះប្រតិបត្តិការរក្សាសន្ដិភាពដើម្បីរួមចំណែកដល់ សន្ដិភាព សន្ដិសុខ និងស្ថិរភាពអន្ដរជាតិ ដែលជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ដើម្បីរួមចំណែកបន្ថែមទៀត ដល់ដំណើរការនេះ កម្ពុជាបានសម្រេចចិត្តឈរឈ្មោះជាសមាជិក នៃគណៈកម្មាធិការរៀបចំ នៃគណៈកម្មការកសាងសន្ដិភាព (OCPBC) សម្រាប់អាណត្តិ២០២៥-២០២៦ ហើយយើងខ្ញុំសង្ឃឹមថានឹងទទួលបានការគាំទ្រដ៏មានតម្លៃរបស់ ឯកឧត្តម លោកជំទាវ សម្រាប់បេក្ខភាពរបស់យើងខ្ញុំ នៅក្នុងស្ថាប័ននេះ។
សម្តេចធិបតី បានថ្លែងបញ្ជាក់ថា«ជារួម ទោះបីជាយើងមានបញ្ហាប្រឈម និងអស្ថិរភាពច្រើនក៏ដោយ យើងក៏នៅតែអាចកសាងពិភពលោកឱ្យកាន់តែប្រសើរសម្រាប់ទាំងអស់គ្នាបាន តាមរយៈការធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅរួមរបស់យើង ព្រមទាំងការពង្រឹងទំនុកចិត្តទៅវិញទៅមក និងសាមគ្គីភាពជាសកល»។
ជាមួយគ្នានេះ កម្ពុជាគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុម័ត «សេចក្ដីថ្លែងការណ៍នយោបាយនៃកិច្ចប្រជុំកំពូល នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» និង «សេចក្ដីព្រាងសេចក្ដីសម្រេចនៃកិច្ចប្រជុំកំពូលនៃអនាគត»។ ឯកសារទាំងនេះនឹងជួយឱ្យគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព រក្សាបាននូវគន្លងអភិវឌ្ឍន៍របស់ខ្លួនតាមផែនការ និងសម្រេចគោលដៅត្រឹមឆ្នាំ២០៣០៕ ដោយ៖ គង់ សិរីរ័ត្ន