ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួម «មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨» នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ កញ្ញា ២០២៣។
សូមបញ្ជាក់ជូនថាមូលបទចម្បងសម្រាប់កិច្ចពិភាក្សាក្នុងឆ្នាំនេះគឺ «កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក៖ ជំរុញសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចីរភាពសម្រាប់ទាំងអស់គ្នា»។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស បានឱ្យដឹងថា ខ្លឹមសារនៃសន្ទរកថារបស់ សម្តេចធិបតី នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនឹងផ្តោតលើទិដ្ឋភាពសំខាន់ៗចំនួន ៣ រួមមាន បរិបទពិភពលោក វឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជា និងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសកម្មភាពបដិវត្តកម្មនៃគោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDGs)។ សម្តេចធិបតី ក៏នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងឥស្សរជនបរទេសមួយចំនួន ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក។
នៅអំឡុងពេលនៃកិច្ចប្រជុំខាងលើ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាថ្នាក់តំបន់និងអន្តរជាតិ រួមមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច (ECO) លើកទី១៥។
ជាមួយគ្នានោះឧបនាយករដ្ឋមន្ត្រី ក៏នឹងគ្រោងជួបពិភាក្សាទ្វេភាគីដោយឡែកពីគ្នា ជាមួយសមភាគី មកពីបណ្តាប្រទេសនានាផងដែរ៕ ដោយ៖ កន ចំណាន