ភ្នំពេញ ៖ ការងារប្រមូលផលស្រូវបង្កើនរដូវរបស់កសិករក្នុងខេត្តបន្ទាយ មានជ័យ សម្រេចលទ្ធផលបានប្រមាណ៦០ភាគរយហើយ ខណៈមន្ត្រីជំនាញអះអាងថា ទិន្នផលស្រូវ និងតម្លៃទីផ្សារបានកើនឡើងជារៀង រាល់ឆ្នាំ។
លោក ប៉ាង វណ្ណាសេដ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ បានប្រាប់អ្នក យកព័ត៌មានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះថា ប្រជាកសិករក្នុងមូលដ្ឋានលោកកំពុងមមាញឹកក្នុងការងារប្រមូលផលស្រូវបង្កើនរដូវ ខណៈទិន្នផលឆ្នាំនេះបានកើនឡើងជាងឆ្នាំមុន។
លោកថា ឆ្នាំ២០២៣នេះ ខេត្តបន្ទាយមានជ័យ ផ្ទៃដីបង្កបង្កើន ផលស្រូវបង្កើនរដូវ មានចំនួនជិត៩ម៉ឺនហិកតា។ ចំណែកការងារប្រមូលផលសម្រេចបានប្រមាណ ៦០ភាគរយហើយ។ ចំណែកឯទិន្នផលវិញបានកើនឡើងជាងឆ្នាំកន្លងទៅ គឺជាមធ្យមក្នុងមួយហិកតាប្រមូលផលបាន៤,៨តោន។
លោកបន្តទៀតថា ប្រជាកសិករមានភាពសប្បាយរីករាយជាខ្លាំងក្នុងការងារប្រមូលផលស្រូវបង្កើនរដូវរបស់ខ្លួន ដោយសារតម្លៃទីផ្សារមានតម្លៃថ្លៃគួរសមជាងបណ្តាឆ្នាំកន្លងទៅ។ ក្នុងស្ថានភាពជាក់ស្តែងនេះគឺគាត់សប្បាយចិត្តព្រោះតម្លៃស្រូវវាតម្លៃល្អណាស់ និយាយទៅវាចាប់ពី១,០០០រៀលទៅ១,៣០០ ទៅ១,៤០០រៀល ក្នុងមួយគីឡូទៅ តាមប្រភេទស្រូវ វាអត់ដែលមាន។ ឆ្នាំនេះកើន កើនជាងទិន្នផលក៏កើន ផ្ទៃដីក៏កើន។
បើតាមការបញ្ជាក់ពីប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ ថា បើទោះបីជាទិន្នផលស្រូវបង្កើនរដូវក្នុងឆ្នាំ២០២៣នេះ ទទួលបានទិន្នផលល្អប្រសើរ។ ប៉ុន្តែកសិករក៏ប្រឈមនឹងបញ្ហាមួយចំនួនក្នុងអំឡុងពេលបង្កបង្កើនផល ដូចជា៖ គ្រោះរាំង ស្ងួត តែមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរឡើយ និងមួយទៀតគឺគ្រោះទឹក ជំនន់ បង្កផលប៉ះពាល់លើផ្ទៃដីចំនួន៥១៣ហិកតា និងខូចខាតជាង៤០០ហិកតា ខណៈដែលស្រូវកំពុងចេញដង្ហើម។
ទន្ទឹមនឹងនេះ សកម្មភាពចុះជួយកសិករនៅតាមមូលដ្ឋាននានា របស់មន្ត្រីកសិកម្ម បានចុះទៅតាមតំបន់គោលដៅដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយជូនកសិករ ពេលជួបបញ្ហាប្រឈម៕ ដោយ៖ លោក អេង យូ, សម្រួលផ្សាយ៖ កន ចំណាន