ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរសវនកម្មជាតិបញ្រ្ជាបការយល់ដឹងច្បាប់ ស្តីពីសវនកម្ម និងស្តង់ដារសវនកម្ម សាធារណៈនៃព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការកងកម្លាំង ប្រដាប់អាវុធគ្រប់ថ្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ តាមរយៈសិក្ខាសាលាមួយដែល បានធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះនៅសាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សួន សិទ្ធី អគ្គសវនកររង តំណាងលោកជំទាវបណ្ឌិត សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធសវនកម្មជាតិ ។
ថ្លែងក្នុងឱកាសនោះឯកឧត្តមបណ្ឌិត សួន សិទ្ធី បានគូសបញ្ជាក់ថា អង្គសិក្ខា សាលានាពេលនេះ មានគោលដៅបញ្រ្ជាប និងបង្កើនការយល់ដឹងអំពីតួនាទី និងភារកិច្ច សវនកម្មផ្ទៃក្រៅរាជរដ្ឋាភិបាលដែលអនុវត្តន៍មុខងារនេះដោយអាជ្ញាធរសវនកម្មជាតិ ជូន ដល់មន្ត្រីរាជការដែលបំពេញការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីទទួលបានការគាំទ្រ និងកិច្ចសហការកាន់តែល្អប្រសើរនោះ។ឯកឧត្តមបន្តទៀតថា យន្តការនេះនឹងជួយអាជ្ញាធរសវនកម្មជាតិអនុវត្តន៍ការងារ សវនកម្មប្រកបដោយគុណភាពខ្ពស់ ក្នុងការសម្រេចគោលបំណងធ្វើឱ្យមានអភិបាលកិច្ចល្អ និងចូលរួមចំណែកកាត់បន្ថយ និងទប់ស្កាត់នូវរាល់កំហុសឆ្គងលើការគ្រប់គ្រង និងប្រើ ប្រាស់ថវិកាជាតិការគ្រប់គ្រងធនធានទ្រព្យសម្បត្តិរដ្ឋ ដើម្បីឈានទៅបង្កើនជំនឿទុក ចិត្តពីសំណាក់ប្រជាពលរដ្ឋនោះ។ឯកឧត្តមបណ្ឌិតបានបន្តថា អាជ្ញាធរសវនកម្មជាតិគឺជាស្ថាប័នសាធារណៈឯករាជ្យអំពីកិច្ចប្រតិបត្តិការការងារ និងមានភារកិច្ចធ្វើការត្រួតពិនិត្យ និងផ្តល់អនុសាសន៍កែតម្រូវ លើរាល់កំហុសឆ្គងរបស់អង្គភាពរងសវនកម្មព្រមទាំងផ្ញើរបាយការណ៍សវនកម្ម ជូនស្ថាប័ននី តិប្បញ្ញត្តិ ពោលគឺរដ្ឋសភា និងព្រឹទ្ធសភា និងចម្លងជូនរាជរដ្ឋាភិបាល ហើយរបាយការណ៍សវនកម្មត្រូវបានផ្សព្វផ្សាយជាសាធារណៈ។
ឯកឧត្តមបានបញ្ជាក់ទៀតថា ការធ្វើសវនកម្មមានទាំងថ្នាក់ជាតិ មានស្ថាប័ន ក្រសួងនានានៃរាជរដ្ឋាភិបាល ទៅតាមច្បាប់បានកំណត់ទុករួចហើយ និងថ្នាក់ក្រោមជាតិ មានខេត្តមន្ទីរអង្គភាពរដ្ឋនានា ក៏ដូចជាក្រុមហ៊ុនឯកជន នានាគ្រប់ប្រភេទ សូម្បីតែអង្គភាព អគ្គសវនកម្មខ្លួនឯងបើមានភាពមិនត្រឹមត្រូវនោះក៏ត្រូវបង្កើតគណៈកម្មការពិសេស ចុះ ត្រួតពិនិត្យផ្ទៃក្នុងខ្លួនឯង ដើម្បីជំរុញឱ្យមានតម្លាភាពផងដែរ។ ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតក៏បានឡើងធ្វើបទបង្ហាញនិងពន្យល់ ពីខ្លឹមសារ យ៉ាង លម្អិតដល់អង្គសិក្ខាសាលាទាំងមូលបានយល់ជ្រាប និងបើកឱ្យមានការសួរចម្ងល់ ព្រមទាំងធ្វើការបកស្រាយដល់សិក្ខាកាម បានយល់ច្បាស់វិញផងដែរ។
សូមបញ្ជាក់ថា ក្នុងសិក្ខាសាលានេះបទឧទ្ទេសនាម«ច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា» ដោយកំណត់លើ៤ចំណុចសំខាន់ៗ រួមមាន៖ ទី១. សាវតាស្ថាប័នអាជ្ញាធរសវនកម្មជាតិ, ទី២.ហេតុអ្វីត្រូវមានច្បាប់ស្តីពីសវនកម្ម នៃព្រះរាជាណាចក្រកម្ពុជា, ទី៣-ខ្លឹមសារនៃច្បាប់សវនកម្មនៃព្រះរាជាណាចក្រកម្ពុជា, ទី៤-ស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជាជូនដល់មន្ត្រីរាជការ និងកងម្លាំង ប្រដាប់អាវុធ ព្រមទាំងមន្ត្រីថ្នាក់ក្រុង/ស្រុក សង្កាត់/ឃុំ ទាំងអស់ ចំណុះរដ្ឋបាលខេត្តបន្ទាយមានជ័យ៕ ដោយឈុនសារ៉ាត