មេបញ្ជាការ ទិសទី៣ សំឡូត អញ្ជើញជាអធិបតីភាព ក្នុងពីធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងកងព្រំដែន នៅទីបញ្ជាការកងការពារព្រំដែនលេខ៥០២ !!!

សំឡូត៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ត្រី ឈៀវ ឃុន មេបញ្ជាការ ទិសទី៣ សំឡូត អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងកងព្រំដែន នៅទីបញ្ជាការកងការពារព្រំដែនលេខ៥០២ ដែលមានសិក្ខាកាមសរុប ចំនួន ៣០នាក់ រយៈពេល ៤៥ថ្ងៃ ក្នុងនោះមានការអញ្ជើញចូលរួមដោយ លោកអភិបាលរងស្រុកសំឡូត មេបញ្ជាការតាមបណ្តាអង្គភាពចំណុះ ស្ថិតនៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។

ឧត្តមសេនីយ៍ត្រី ឈៀវ ឃុន បានកោតសរសើរ និងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំអង្គភាព យោធាចារ្យ ក៏ដូចជានាយទាហាន នាយទាហានរង ពលទាហាន ដែលបានខិតខំយកចិត្តទុកដាក់ អនុវត្តតាមផែនការរបស់ថ្នាក់លើ ពិសេសគឺបានបើក និងបិទវគ្គហ្វឹកហ្វឺន តាមផែនការ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។

លោកមេបញ្ជាការ ទិសទី៣ បានបន្ថែមថា ស្ថិតនៅក្នុងពេលប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ បន្ទាប់ពីការបោះឆ្នោតរួចមក ជាមួយឱកាសដ៏វិសេសវិសាលដែលកម្ពុជាបានបន្តដឹកនាំប្រទេសដោយ នាយករដ្ឋមន្រ្តីថ្មី នៃព្រះរាជាណាចក្រកម្ពុជាគឺ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត យោធិនបានខិតខំហ្វឹកហ្វឺន បំប៉ន ពង្រឹងសមត្ថភាព ជំនាញ យុទ្ធវិធី ឲ្យបានស្ទាត់ជំនាញ ដើម្បីធានាបាននូវកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ បូរណភាពទឹកដី ដែលជាកាតព្វកិច្ចរបស់យោធិនគ្រប់រូប ពិសេសយោធិនវ័យក្មេង ជាអ្នកបន្តភារកិច្ចពីរៀមច្បង។

ក្នុងឱកាសនោះដែរ មេបញ្ជាការទិសទី៣ សំឡូត បានថ្លែងអំណរគុណចំពោះ នាយទាហាន នាយទាហានរង ពលទាហានទូទាំងអង្គភាព ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រអស់រយៈពេល ៤៥ថ្ងៃកន្លងមក រួមទាំងការចុះបំពេញបេសកកម្មអនុវត្តជាក់ស្តែងនៅតាមខ្សែបន្ទាត់ព្រំដែនលើភូមិសាស្រ្តដែលអង្គភាពទទួលខុសត្រូវផងដែរ ក្រៅពីនោះក៏បានចុះជួយតាមមូលដ្ឋានដែលរងគ្រោះដោយធម្មជាតិផ្សេងៗ ក្នុងរដូវវស្សានេះដូចជា ជួយជួសជុសស្ពាន លំនៅដ្ឋានដែលរងគ្រោះជំនន់ទឹកភ្លៀង ការងារមនុស្សធម៌ យ៉ាងសកម្ម ដោយមិនគិតការនឿយហត់ឡើយ។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ត្រី មេបញ្ជាការ ទិសទី៣ ក៏ផ្តាំផ្ញើរដល់យោធិនទាំងអស់ ត្រូវតែប្រកាន់ជាប់នូវការសាមគ្គីភាពរវាងយោធិននិងយោធិន សាមគ្គីជាមួយអង្គភាពមិត្តឈរជើងក្នុងភូមិសាស្រ្តទទួលខុសត្រូវ ដើម្បីអនុវត្ត និងសម្រេចរាល់ការងារថែរក្សាការពារជាតិតាមបន្ទាត់ព្រំដែន ក្រោយពេលបញ្ចប់វគ្គវិលទៅមប្រើការងារក្នុងអង្គភាពរៀងខ្លួន ជាពិសេស ត្រូវតែបន្តការពារដាច់ខាតរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពជា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *