រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ មិនអាចប្រើប្រាស់លុយធ្វើជាត្រីមុខ ដើម្បីរកមុខតំណែងនោះទេ !!!

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានថ្មី អាចចាត់ទុកថា មានសមត្ថភាពក្នុងដឹកនាំបានប្រកាសកែទម្រង់ផ្ទៃក្នុង ដោយចាប់ផ្ដើមពីការធ្វើទំនើបកម្មស្ថាប័ន ហើយប្រកាសអ្នកមានសមត្ថភាពត្រូវលើកទឹកចិត្ត និងមិនអាចប្រើប្រាស់លុយធ្វើជាត្រីមុខ ដើម្បីរកមុខតំណែងនោះទេ។

ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តមនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងអាណត្តិទី៧នេះ ឯកឧត្តមនឹងកែទម្រង់ស្ថាប័ន ពន្លឿនរបៀបធ្វើការងារ ដើរឱ្យទាន់ទៅនឹងការវវិវត្តន៍របស់សង្គម។ «ទី១- ចាប់ផ្ដើមដំបូងមន្ត្រីត្រូវតែមានកន្លែងធ្វើការ ទី២- ចាប់ផ្ដើមដំបូងមន្ត្រីត្រូវតែមានសម្ភារៈគ្រប់គ្រាន់ ដើម្បីធ្វើការនេះ ជារដ្ឋបាលទំនើបដែលយើងអាចមើលឃើញនឹងភ្នែក។ ចំពោះបញ្ហានេះ ខ្ញុំនឹងដោះស្រាយជាជំហានដំបូងជូនថ្នាក់ដឹកនាំដែលជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការទាំង៧០នេះ ដើម្បីឱ្យគាត់មានកន្លែងធ្វើការមួយ សម្រាប់ជាក្បាលម៉ាស៊ីនដឹកនាំរបស់ក្រសួង។ បើសិនជាក្បាលម៉ាស៊ីនដឹកនាំរបស់ក្រសួងអត់មានកន្លែងធ្វើការ អត់មានសម្ភារៈនោះ វាប្រៀបបាននឹងកងពលដែលវាមានតែមេទ័ព តែវាអត់មានគណៈបញ្ជាការមួយ អ៊ីចឹងការរៀបចំកិច្ចការងារនេះជាការងារអាទិភាពដែលខ្ញុំចាប់ផ្ដើមដំបូង»។

ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា «បើផែនការខ្ញុំល្អ តែអត់មានធនធានមនុស្សអនុវត្តក៏វាអត់ទៅរួចដែរ នេះជាចំណុចយើងត្រូវគិតទាំងអស់គ្នា ចំណុចនៃធនធានមនុស្សនេះ ខ្ញុំក៏សូមប្រកាសប្រាប់អ្នកទាំងអស់គ្នាថា គោលការណ៍នៃការដឹកនាំនៅក្នុងក្រសួងព័ត៌មាន គឺអ្នកមានសមត្ថភាពត្រូវលើកទឹកចិត្ត ហើយមិនអាចប្រើប្រាស់លុយធ្វើជាត្រីមុខដើម្បីរកមុខតំណែងទេ»៕ប្រភពៈFast News

You might like

Leave a Reply

Your email address will not be published. Required fields are marked *