ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពធ្វើលំហាត់យុទ្ធដំណើរ របស់សិក្ខាកាមវគ្គហ្វឹកហ្វឺនប្រឆាំងបាតុកម្ម និងក្បាច់គុនកងយោធពលខេមរភូមិន្ទ ដឹកដោយលោកវរសេនីយ៍ឯក អ៊ួម សុធារ៉ា មេបញ្ជាការរង នាយសេនាធិការកងពល ដែលមានការអញ្ជើញចូលរួមពី មេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យ មេបញ្ជាការវរសេនាតូច ព្រមទាំងទាហានជាច្រើនរូបទៀតដែលមានការពាក់ព័ន្ធ។
សូមជម្រាបជូនថា ការធ្វើលំហាត់យុទ្ធដំណើរទ័ពរបស់សិក្ខាកាមនាឱកាសនេះ ដោយប្រើប្រាស់ចម្ងាយផ្លូវ ១៥គីឡូម៉ែត្រ ធ្វើដំណើរថ្មើរជើងឆ្លងកាត់ឧបសគ្គមួយចំនួនដោយធម្មជាតិ ស្ថិតនៅក្នុងភូមិសាស្រ្ត ស្រុកសំឡូត ខេត្តបាត់ដំបង។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ បានលើកឡើងថា ស្ថិតក្នុងពេលប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ គឺជាឱកាសសម្រាប់កងទ័ពធ្វើការហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាព ការងារដឹកនាំបញ្ជា ដើម្បីធានាអនុវត្តភារកិច្ចទទួលបានជោគជ័យតាមបទបញ្ជារបស់ថ្នាក់លើបានប្រគល់ជូន។ លោកបានបន្តទៀតថា ការធ្វើលំហាត់យុទ្ធដំណើរទ័ពនាពេលនេះ ដើម្បីសំដៅឱ្យ នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាព ទទួលបាននូវចំណេះដឹង និងចំណេះធ្វើ ទាំងគុណភាពសមត្ថភាពគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងដឹកនាំបញ្ជា ការងារប្រយុទ្ធ ត្រៀមប្រយុទ្ធ ក្នុងកិច្ចការពារបូរណភាពទឹកដី ជាកត្តាចំបងរបស់កងទ័ព នៃកងយោធពលខេមរភូមិន្ទ៕