ខេត្តបាត់ដំបង ៖ អភិបាលខេត្តបាត់ដំបង បានជំរុញអ្នកវិនិយោគចិនមកបណ្តាក់ទុនលើវិស័យកសិឧស្សាហកម្មរបស់ខេត្តនេះ ភាគច្រើនលើការកែច្នៃផ្លែឈើ និងកសិផលសម្រាប់នាំចេញ។
លោក សុខ លូ អភិបាលខេត្ត បានធ្វើការលើកទឹកចិត្ត ក្នុងឱកាសទទួលគណៈប្រតិភូវិនិយោគិនចិន នៅក្រុងបាត់ដំបង នៅថ្ងៃទី១០ ខែសីហា។
លោកបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូចិន ដែលមានបំណងចង់ស្វែងយល់ពីសក្តានុពលវិនិយោគ និងឱកាសក្នុងខេត្តបាត់ដំបង ដោយសង្កត់ធ្ងន់ថា ខេត្តនេះត្រូវបានចាត់ទុកថាជាប៉ូលសេដ្ឋកិច្ចទី៤ របស់ប្រទេស និងជាគោលដៅទេសចរណ៍ដ៏សំខាន់។
លោក សុខ លូ បានលើកឡើងពីវឌ្ឍនភាពរបស់ខេត្តលើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក៏ដូចជាការតភ្ជាប់ផ្លូវ និងផ្លូវដែកនាពេលបច្ចុប្បន្ន និងតាមផែនការទៅកាន់ខេត្តបាត់ដំបង ដែលនឹងជួយសម្រួលដល់ការធ្វើដំណើរ និងពាណិជ្ជកម្ម និងជំរុញទេសចរណ៍៕អត្ថបទជាភាសាខ្មែរដោយ ណយ នឿន អត្ថបទជាភាសាអង់គ្លេសដោយ លឹម ណារី