ឯកឧត្តម ខៀវ កាញារីទ្ធ បានជំរុញការផលិតព័ត៌មានឱ្យកាន់តែមានគុណភាព !!!

ភ្នំពេញថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញមន្ដ្រីសារព័ត៌មានត្រូវមានគំនិតច្នៃប្រឌិតព័ត៌មានឱ្យកាន់តែមាន គុណភាព ដើម្បីទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។.

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីបទបង្ហាញស្ដីពី «ថ្នាលអ៊ីនធឺណិតព័ត៌មាន» នាទីស្ដីការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០២៣ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា កន្លងទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កាលពីយុទ្ធសាស្រ្តនៃការអភិវឌ្ឍន៍របស់កម្ពុជាគឺផ្តោត លើចតុកោណ គឺ មនុស្ស ទឹក ភ្លើង ផ្លូវ ប៉ុន្ដែសម័យបច្ចុប្បន្ននេះគឺ បញ្ចកោណ ដែលផ្តោតលើ មនុស្ស ទឹក ភ្លើង ផ្លូវ និងអ៊ីនធឺណិត ដើម្បីឱ្យស្របតាមនឹងការរីកចម្រើនតាមសម័យបច្ចេក វិទ្យា។ ឯកឧត្តម មានប្រសាសន៍បន្ថែមថា ដូចនេះនៅក្នុងអាណត្តិថ្មីមន្ដ្រីព័ត៌មាននៃក្រសួងព័ត៌មានត្រូវបង្កើនការច្នៃប្រឌិត បង្កើនសមត្ថ ភាពតាមសម័យបច្ចេកវិទ្យា ទើបយើងអាចធ្វើការប្រកួតប្រជែងបាន។

សំឡេង៖ «អាណត្តិក្រោយនេះគឺជាការប្រជែងផ្នែកព័ត៌មានគឺជាធំ។ បើសិនជាយើងនៅតែស្ទក់ៗដូចសព្វថ្ងៃនេះយើងនឹងមិនឈ្នះគេទេ។ ហើយបើយើងអន់ហើយ គេកម្រនឹងទម្លាក់លុយឱ្យយើងណាស់ អ៊ីចឹងយើងត្រូវចាំថាអាណត្តិក្រោយ នេះគឺយើងត្រូវធ្វើការប្រយុទ្ធ ដើម្បីយកព័ត៌មាននេះគឺសំខាន់ណាស់។ ហើយបើចង់ឱ្យយើងមានថវិកាឱ្យកាន់តែច្រើន គេទម្លាក់លុយឱ្យបានកាន់តែច្រើន គេហៅទៅថតបានច្រើន គឺត្រូវតែមានការច្នៃប្រឌិតរបស់យើង»។

ក្នុងឱកាសនោះដែរ លោកជំទាវ ឆៃ ច័ន្ទរិទ្ធីសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាស ន៍ថា ដើម្បីឱ្យមានភាពទំនើបក្នុងវិស័យព័ត៌មានលុះត្រាតែយើងធ្វើការកែទម្រង់ ហេតុនេះហើយការធ្វើទំនើបកម្ម និងកំណែទម្រង់មិនអាចផ្តាច់ចេញពីគ្នាបានទេ វាត្រូវតែមានទំនាក់ទំនងគ្នាទៅវិញទៅមកដោយហេតុថានៅក្នុងទំនើបកម្មគឺត្រូវការនូវបច្ចេកវិទ្យាជាចម្បង សម្រាប់សម្របសម្រួលដល់ការអនុវត្តការងារប្រចាំថ្ងៃឱ្យកាន់តែមានភាពរហ័សនិងទាន់សម័យបង្កើន ផលវិជ្ជមាន និងកាត់បន្ថយផលអវិជ្ជមានណាដែលប៉ះពាល់ដល់សង្គមតាមរយៈការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។

លោកជំទាវ បន្ដថា តាមស្ថានភាពការវិវត្តនៃបច្ចេកវិទ្យាឌីជីថល ក្រសួងព័ត៌មានត្រូវការចាំបាច់នូវសន្តិសុខព័ត៌មាន និងបច្ចេកវិទ្យាថ្មីៗ ព្រមទាំងមានកិច្ចសហការជាមួយក្រសួង ស្ថាប័ននានាជាពិសេសក្រសួងមហាផ្ទៃនិង សហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីសិក្សានិងផ្លាស់ ប្ដូរបទពិសោធន៍ លើការគ្រប់គ្រងសន្តិសុខព័ត៌មាន និងបច្ចេកវិទ្យា ដើម្បីឈានទៅរកការពង្រឹង និងអភិវឌ្ឍវិស័យព័ត៌មាន នាពេលអនាគតប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។

សូមជម្រាបថា នៅក្នុងកម្មវិធីបទបង្ហាញស្ដីពី «ថ្នាលអ៊ីនធឺណិតព័ត៌មាន» នាសាលចតុម្មុខមង្គល ទីស្ដីការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០២៣ គឺមានក្រុមបច្ចេកទេសថ្នាលព័ត៌មានអ៊ីនធឺណិដែលដឹកនាំដោយ លោក មែ ស៊ីខេងវ៉ាន់ឌី អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ និង ជាគ្រូបង្គោលដើម្បីធ្វើការចែករំលែកនូវបទពិសោ ធន៍និងធ្វើបទបង្ហាញស្តីពីបច្ចេកវិទ្យាថ្មីៗ និងមានសមាសភាពថ្នាក់ដឹកនាំ សិក្ខាកាម ដែលបានចូលរួមចំនួន ៩៤រូប ដើម្បីបង្កើនសម្ថតភាពការងារឱ្យស្របតាមការអភិវឌ្ឍន៍នៃបច្ចេកវិទ្យាឌីជីថល របស់ប្រទេសជាតិ៕ ប្រភព៖ វិទ្យុជាតិកម្ពុជា សម្រួលផ្សាយដោយ៖ ធូ កុសល

You might like

Leave a Reply

Your email address will not be published. Required fields are marked *