អង្គការ Nature Life៖ ប្រមូលទិន្នន័យវត្តមានសត្វស្លាបកម្រ នៅសហគមន៍តំបន់ការពារធម្មជាតិ ទួលនាងសាវផ្លូវហ្លួង !!!

ភ្នំពេញ ថ្ងៃទី០៤ ខែសីហាឆ្នាំ២០២៣សហគមន៍តំបន់ការពារធម្មជាតិ ទួលនាងសាវផ្លូវហ្លួង ជាសហគមន៍ដំបូងគេបង្អស់ ដែលស្ថិតក្នុងតំបន់រ៉ាមសារស្ទឹងសែន នៃបឹងទន្លេសាប ដែលទទួលបានការគាំទ្រថវិកា និងសម្ភារពីអង្គការជីវិតធម្មជាតិនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០២០ សម្រាប់ធ្វើការល្បាតនិងអង្កេតតាមដានជីវៈចម្រុះ។

ដើម្បីសម្រួលដល់ការប្រមូលទិន្នន័យល្បាត អង្គការជីវិតធម្មជាតិនៅកម្ពុជា បានប្រគល់ម៉ាស៊ីនថតដល់ក្រុមល្បាតសហគមន៍ ដើម្បីបង្កភាពងាយស្រួលដល់ការផ្តិតយករូបភាពកំលុងពេលល្បាត និងស្ថានភាពជីវៈចម្រុះ ជាពិសេសសត្វស្លាបទឹក ដែលមានវត្តមាននៅទីនោះ។ អង្គការ Nature Life បានឱ្យដឹងនៅថ្ងៃសុក្រ ៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ថា ក្រោយពេលទទួលបានម៉ាស៊ីនថត និងវគ្គបណ្តុះបណ្តាល ស្តីពីរបៀបថតរូបរួចមកឃើញថា នៅក្នុងខែកក្តដាកន្លងទៅនេះ ក្រុមល្បាតសហគមន៍ បានថតរូបភាពប្រភេទសត្វស្លាបទឹកកម្រមួយចំនួនបានយ៉ាងស្អាត គឺសត្វត្រដក់ធំ និង ត្រយងខ្លួនស ដែលជាប្រភេទសត្វជិតផុតពូជមួយប្រភេទ និង ជិតរងការគំរាមកំហែង ។

សកម្មភាពនេះទទួលបានថវិកាគាំទ្រពីមូលនិធិសហភាពអឺរ៉ុប តាមរយៈ ទន្លេសាបយើង« Our Tonle Sap» ដែលបានផ្ដល់នូវឱកាសពង្រឹងសមត្ថភាព និងលទ្ធភាពរបស់សហគមន៍ ក្នុងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិក្នុងតំបន់។ អង្គការ Nature Life បន្តទៀតថា ពួកយើងមានមោទនភាពខ្លាំងណាស់ ដែលបានឃើញរូបភាព និងវីដេអូ នៃប្រភេទសត្វស្លាបទឹកកម្រទាំងនេះពីសហគមន៍ ដែលវាជាសក្ខីភាពនៃការខិតខំប្រឹងប្រែងរបស់សហគមន៍មូលដ្ឋាន និងកិច្ចសហការគាំទ្ររបស់គម្រោង លើការលើកកម្ពស់សហគមន៍មូលដ្ឋានក្នុងការងារអភិរក្សធនធានធម្មជាតិ ៕ដោយៈ ណយ នឿន (ប្រភព៖ Nature Life)

You might like

Leave a Reply

Your email address will not be published. Required fields are marked *