មន្រ្តីអាជ្ញាធរជាតិអប្សរាលើកឡើងថា ការចូលរួមដាំដើមឈើនៅតំបន់អង្គរ ជាគឺជាការរួមចំណែកថែរក្សាសម្បត្តិមរតកវប្បធម៌របស់ជាតិ !!!

ខេត្តសៀមរាប ៖ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុនមេនូឡាយហ៍្វខេមបូឌា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ បានចូលរួមគ្នាដាំស្មៅ និងដើមឈើបន្ថែមនៅបរិវេណជ្រុងពាយ័ព្យ នៃកសិន្ធុអង្គរវត្ត ដើម្បីអភិរក្សរមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក ឱ្យកាន់តែមាន ទេសភាពស្រស់បំព្រងគ្រប់រដូវកាល។

លោកស្រី កាន់ ណារ៉ា នាយិកាគ្រប់គ្រងនាយកដ្ឋានអតិថិជន និងទីផ្សារ នៃក្រុមហ៊ុនមេនូឡាយហ៍្វខេមបូឌា បានលើកឡើងថា ការចូលរួមចំណែកក្នុងយុទ្ធនាការដាំ ដើមឈើនិងស្មៅ ជាមួយអាជ្ញាធរជាតិ អប្សរានាពេលនេះបានដើរស្របគ្នា និងគោលដៅ រយៈពេលវែងរបស់ក្រុមហ៊ុនក្នុងការជួយដល់ប្រជាជនកម្ពុជា។

ជាពិសេសក្នុងយុទ្ធនា ការដាំស្មៅ និងដើមឈើនេះ បានចូលរួមចំណែក បង្កើនគម្របបៃតង ក្នុងតំបន់រមណីយ ដ្ឋានអង្គរ។ ព្រោះថាដើមឈើ និងស្មៅជាទ្រនាបដ៏សំខាន់ក្នុងទប់ទល់ការបម្រែបម្រួល អាកាសធាតុ និងកាត់បន្ថយភាពសឹករេចរឹលនៃប្រាង្គប្រាសាទបុរាណរបស់យើង។ឯកឧត្តម ឡុង កុសល អគ្គនាយរងអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ ក្នុងឱកាស នោះថា ការងារថែរក្សាសម្បត្តិមរតកវប្បធម៌របស់ជាតិ គឺជាតួនាទីរបស់កូនខ្មែរគ្រប់ៗរូប។

ជាមួយគ្នានេះ ជាគោលនយោបាយ របស់អាជ្ញាធរជាតិអប្សរា ការងារថែរក្សាពង្រឹង និងពង្រីក បន្ថែមនូវគម្របព្រៃឈើ នៅក្នុងតំបន់អង្គរ និងក្នុងទូទាំងប្រទេសទាំងមូល ក៏ជាការ ចូលរួមរបស់អាជ្ញាធរជាតិអប្សរាផងដែរ។ ឯកឧត្តបន្តថា ក្នុងមួយឆ្នាំៗ តាមរយៈនាយកដ្ឋានជំនាញបានបណ្តុះកូនឈើ រាប់ម៉ឺនដើម ដើម្បីដាំដុះក្នុងតំបន់អង្គរ និងចែកចាញបន្ត ទៅកាន់ស្ថាប័នរដ្ឋ និងឯកជននានា យកទៅដាំដុះបន្ត ធ្វើយ៉ាងណាបង្កើនគម្របព្រៃឈើនៅកម្ពុជា។ ឯកឧត្តមអគ្គនាយរងអាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណ និងស្វាគមន៍ យ៉ាងកក់ក្តៅ ចំពោះវត្តមានក្រុមហ៊ុនមេនូឡាយហ៍្វខេមបូឌា ដែលចូលរួមសហការដាំស្មៅ និងដើមឈើនៅក្នុងតំបន់អង្គរ។

សូមជម្រាបផងដែរថា ក្រោយពេលប្រជាជនមួយចំនួនបានស្ម័គ្រចិត្តផ្លាស់ប្តូរ ទីលំនៅចេញពីតំបន់អង្គរទៅកាន់ទីកន្លែងថ្មី ដែលរាជរដ្ឋាភិបាលបានគាំទ្រ និងផ្តល់ជូន។ អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមយុទ្ធនាការដាំដើមឈើ និងស្មៅ នៅលើទីតាំងដីទំនេរ ដោយបានកៀរគរស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីចូលរួមចំណែកក្នុង យុទ្ធនាការនេះ៕ ដោយ ឃុត សៅ

You might like

Leave a Reply

Your email address will not be published. Required fields are marked *