ខេត្តសៀមរាប ៖ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារបច្ចេកទេសជួសជុលនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា កំពុង ជួសជុលពង្រឹងខឿនជណ្ដើរខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្នុងបំណងជួយលើកតម្លៃ សំណង់បុរាណនេះ ឱ្យប្រសើរឡើងវិញ។
បុរាណវិទូលោកស្រី ភិន វិជ្ជាសច្ចរ៉ា ឱ្យដឹងថា ការជួសជុលនេះ ក្នុងបំណងដើម្បី ពង្រឹងខឿនជណ្ដើរឱ្យរឹងមាំឡើងវិញ ដោយសារតែស្ថានភាពកម្រាលថ្មភក់ខឿនជណ្តើរ នៃខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្តនេះ មានការហែកញែកចេញពីគ្នា សសរទ្រេត ថ្មខ្លះបានធ្លាក់ចុះ និងខ្លះទៀតក៏បម្រុងនឹងធ្លាក់ ហើយក្រុមការងារនឹងរៀបចំរុញថ្មទាំងនោះឱ្យ ទៅចូលទីតាំងដើមវិញ ក្នុងន័យពង្រឹងខឿនឱ្យមានភាពរឹងមាំ គង់វង្សតទៅមុខទៀត។
លោកស្រី វិជ្ជាសច្ចរ៉ា មានប្រសាសន៍ទៀតថា កត្តាដែលបណ្ដាលឱ្យខឿន ជណ្ដើរនេះរងការខូចខាត គឺដោយសារអាយុកាល និងធម្មជាតិដែលធ្វើឱ្យរលុះ រចនាសម្ព័ន្ធគ្រឹះខូចរូបរាង។ ក្រុមការងារបានចាប់ផ្ដើមកិច្ចការដំបូង គឺសិក្សាទៅលើសម្រង់ប្លង់ ចុះបញ្ជីលេខ ស្វែងរកថ្ម ការផ្គុំថ្ម ថាតើថ្មចេញពីប្រភពណា? បន្ទាប់ពីផ្គុំចេញរូបរាងរួចហើយ ទើបក្រុមការងារសិក្សាទៅលើគ្រឹះ ថាតើគួរជុសជុស ឬគួររើ គួរពង្រឹងដើម្បីយកទៅដាក់ កន្លែងដើមវិញឬក៏យ៉ាងណា? ក្រៅពីនេះក្រុមការងារបានធ្វើការទល់ទ្រដំបូលកណ្ដាលកុំឱ្យ រលុះធ្លាក់ថែមទៀតផង៕ ដោយ ឃុត សៅ