ភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានទទួលសៀវភៅថ្មីចំនួន១០០ច្បាប់ ដែលមានចំណងជើងថា «មរតកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម លើកដំបូងនៅកម្ពុជា ក្នុងសម័យតេជោ» ពីឯកឧត្ដម ឆាយ សុផល ដែលជាអ្នកនិពន្ធសៀវភៅ និងជាអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន។
ក្នុងពិធីប្រគល់ និងទទួលសៀវភៅនាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងព័ត៌មាន ឯកឧត្ដម ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា នេះជាកម្រងឯកសារដ៏មានសារៈសំខាន់ពាក់ព័ន្ធនឹងប្រវត្តិសាស្រ្តកីឡានៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់។ ឯកឧត្ដមរដ្ឋមន្រ្ដីក៏សូមកោតសរសើរចំពោះអ្នកនិពន្ធសៀវភៅនេះឡើងដែលមានគំនិតចងក្រងព្រឹត្តិការណ៍ទាំងនេះ ដើម្បីទុកសម្រាប់ការសិក្សាស្រាវជ្រាវ និងផ្ដល់នូវចំណេះដឹងដល់យុវជនជំនាន់ក្រោយៗបានសិក្សារៀនសូត្រ។
ឯកឧត្ដម ឆាយ សុផល បានថ្លែងថា សៀវភៅនេះនឹងត្រូវដាក់សម្ពោធជាផ្លូវការនៅសៀលថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣ ប៉ុន្តែសៀវភៅនេះ ត្រូវបានប្រគល់ជូនក្រសួងព័ត៌មានមុនគេនៅថ្ងៃនេះ។ ឯកឧត្ដមបានលើកឡើងថា សៀវភៅនេះ មានទំហំ A4 កម្រាស់ជិត៦០០ទំព័រ បានរម្លឹកពីសាវតានៃព្រឹត្ដិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមតាំងពីដំបូងទី ព្រមទាំងប្រវត្តិនៃរៀបចំកីឡាខ្នាតតំបន់នៅកម្ពុជា និងបង្ហាញពីមូលហេតុដែលកម្ពុជាខកខានមិនបានចូលរួម និងមិនបានរៀបចំអស់រយៈពេលប្រមាណ៦៤ឆ្នាំ រហូតកម្ពុជាបានធ្វើឱ្យប្រទេសនៅក្នុងតំបន់ ក៏ដូចជាពិពភលោកមានការស្ញប់ស្ញែង នឹកស្មានមិនដល់។
ឯកឧត្ដម ឆាយ សុផល ក៏បានរម្លឹកឡើងវិញនូវប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា៖ «ប្រទេសកម្ពុជាតូច តែបេះដូងធំ ហើយលុយយើងអាចចាយអស់ តែកិត្តិយស និងកេរ្តិ៍ឈ្មោះ យើងចាយមិនអស់ទេ ដោយបន្សល់ទុកឱ្យកូនចៅយើងជំនាន់ក្រោយៗ»។ ឯកឧត្ដមបានលើកឡើងថា ការដែលកម្ពុជាអាចរៀបចំព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យទាំងពីរនេះបាន គឺដោយសារតែកម្ពុជាមានសន្តិភាពពេញលេញ អាចរក្សាបានសុខសុវត្ថិភាពជូនអត្តពលិក និងភ្ញៀវបរទេស ព្រមទាំងមានហេដ្ឋាចនាសម្ព័ន្ធគ្រប់គ្រាន់សម្រាប់បម្រើការប្រកួតកីឡាខ្នាតអន្តរជាតិ ដោយមិនចាញ់បណ្តាប្រទេសនៅជុំវិញពិភពលោកនោះទេ ហើយល្អលើសប្រទេសជាច្រើនទៀតផង។
ឯកឧត្ដម ឆាយ សុផល បានរម្លឹកនូវប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ដែលបានអះអាងថា កីឡារស់ក្នុងសន្តិភាព ហើយសន្តិភាពសម្រាប់ទាំងអស់គ្នា។ ទន្ទឹមនេះ រាជរដ្ឋាភិបាលដែលដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្ដី ក៏ដូចជាមន្រ្តីជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជា អាចថែរក្សាសន្តិភាព និងបន្តការអភិវឌ្ឍឱ្យកាន់តែខ្លាំង ដោយគ្មានសញ្ញាថមថយឡើយ៕ដោយ៖ រិទ្ធី, រូបថត៖ ខឹម សុវណ្ណារ៉ា, សម្រួលផ្សាយ៖ កន ចំណាន