កម្ពុជាបានសម្រេចការនាំចេញអង្ករបានជិត ៥០ភាគរយ នៃផែនការ ៧០ម៉ឺនតោន ដោយសម្រេចបានចំនួន ៣៣ម៉ឺនតោន ដោយគិតជាទឹកប្រាក់សរុបមានចំនួន ២២៩.២៣ លានដុល្លារសហរដ្ឋអាមេរិក គិតត្រឹមឆមាសទី១ នៃឆ្នាំ២០២៣។យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ថា ក្នុងរយៈពេល ៦ខែ នៃឆ្នាំ២០២៣នេះ ប្រទេសកម្ពុជាបានសម្រេចការនាំចេញអង្ករបានចំនួន ៣២៩ ៦៣៣តោន ទៅកាន់គោលដៅចំនួន៥២ លើពិភពលោក តាមរយៈក្រុមហ៊ុន នាំចេញ ចំនួន៥០។
ប្រភពដដែលបានបញ្ជាក់ថា អង្ករកម្ពុជា ត្រូវបាននាំចេញទៅកាន់ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តចំនួន ១៣៨ ៣៦៤តោន គិតជាទឹកប្រាក់មានចំនួន ៨៨.៩៦ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន២៥ បានចំនួន ១២២ ១១៧ តោន គិតជាទឹកប្រាក់មានចំនួន ៨៦.៦៧ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេស សមាជិកអាស៊ានចំនួន ៤ បរិមាណចំនួន ២៨ ១១០តោន គិតជាទឹកប្រាក់មានចំនួន ១៨.៨៧ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅផ្សេងៗនៅ អាហ្វ្រិក មជ្ឈិមបូព៌ា មានចំនួន ២១ គោលដៅ បានបរិមាណចំនួន ៤១ ០៤២តោន គិតជាទឹកប្រាក់មានចំនួន ៣៤.៧៣ លាន ដុល្លារសហរដ្ឋអាមេរិក។
បន្ថែមពីនេះ អង្ករក្រអូបគ្រប់ប្រភេទចំនួន ៨៥.០៨ភាគរយ អង្ករសគ្រាប់វែងចំនួន ១១.៣៤ភាគរយ អង្ករសគ្រាប់ខ្លីចំនួន ០.១៤ភាគរយ អង្ករចំហ៊ុយចំនួន ២.៤២ភាគរយ អង្ករសរីរាង្គចំនួន ១.៦២ភាគរយ បាននាំចេញទៅកាន់ប្រទេសជិតខាងចំនួន ២ ២២៤ ៩១៣តោន គិតជាទឹកប្រាក់សរុបនៃការនាំចេញស្រូវមានចំនួន ៥៧៨.៦៧ លានដុល្លារ សហរដ្ឋអាមេរិក ដែលក្នុងនោះចំនួន ៥៥ភាគរយ ឆ្លងកាត់ការស្នើសុំការបញ្ជាក់ ឯកសារ នាំចេញពីអាជ្ញាធរមានសមត្ថកិច្ច។
គួរបញ្ជាក់ដែរថា នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៣នេះ ទីផ្សារក្នុងប្រទេសអាស៊ានមាន តម្រូវការកាន់តែច្រើនឡើងជាពិសេស ហ្វីលីពីន និងព្រុយណេ៕ ដោយ ស្រីពេជ្រ (រូបភាព៖ ក្រសួងកសិកម្ម)