ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃចន្ទ ១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារយោធាសន្តិសុខ ប្រចាំសប្តាហ៍ចុងខែមិថុនា ឆ្នាំ២០២៣ ដែលមានការអញ្ជើញចូលរួមពី មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយ នាយរងការិយាល័យចំណុះទាំង១៩ នាយកសាលាពលទាហានទី៥ នាយករងមន្ទីរពេទ្យយោធភូមិភាគទី៥ មេបញ្ជាការ តំបន់អភិវឌ្ឍន៍ យោធភូមិភាគទី៥ មេបញ្ជាការវរសេនាតូច និងមេបញ្ជាការកងអនុសេនាធំចំណុះយោធភូមិភាគទី៥។
ឯកឧត្តម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ មានប្រសាសន៍បូកសរុបវាយតម្លៃ និងកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់បណ្តាជំនាញ និងអង្គភាពចំណុះ ដែលសម្រេចបានការងារល្អប្រសើរ ក្នុងសប្តាហ៍កន្លងមកនេះ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានបញ្ជាក់ថា ត្រូវបន្តយកចិត្តទុកដាក់អនុវត្តភារកិច្ចដើម្បីទទួលបានលទ្ធផលល្អ ត្រូវបន្តកិច្ចសហប្រតិបត្តិការល្អជាមួយភាគីថៃ ប្រុងប្រៀបការប្រលងយកប័ណ្ណបើកបររបស់យោធិន ត្រួតពិនិត្យការសាងសង់សំណង់ថ្មីៗតាមបណ្តាលអង្គភាព ត្រៀមលក្ខណៈទាំងកម្លាំង និងសម្ភារ បច្ចេកទេស ចុះជួយសង្រ្គោះប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ បន្តជំរុញការងារអប់រំចិត្តសាស្រ្ត និងបន្តហ្វឹកហ្វឺនប្រចាំសប្តាហ៍ដល់ នាយទាហាន នាយទាហានរង ពលទាហាន៕