ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៣ កម្លាំងមានសមត្ថកិច្ច បានធ្វើការបង្ក្រាបគ្រឿងញៀនបានចំនួន ៣១៤៣ករណី និងឃាត់ខ្លួនជនសង្ស័យបានចំនួន ៧៤៨០នាក់ ជាមួយនឹងការរឹបអូសគ្រឿងញៀនបានចំនួន ៨៣៨គីឡូក្រាម ក្នុងនោះនៅរាជធានីភ្នំពេញ បង្ក្រាបបានជាង ៥តោនកន្លះ ដែលត្រូវដុតបំផ្លាញចោលពេលនេះ។
សម្ដេចក្រឡាហោម ស ខេង បានលើកឡើងដូចនេះ ក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ “អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ” នៅព្រឹកថៃ្ងទី២៨ ខែមិថុនា ឆាំ២០២៣។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ករណីគ្រឿងនៅតែកើនឡើងជាលំដាប់ ដែលទាមទាឱ្យអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវតែមានឆន្ទៈខ្ពស់ក្នុងការបង្ក្រាប ព្រោះវាជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរសម្រាប់ប្រជាពលរដ្ឋ ពិសេសស្រទាប់យុវវ័យដែលជាទំពាំងស្នងឫស្សីរបស់ជាតិ។
ជាមួយគ្នានេះ លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងឆ្នាំ២០២២ កន្លងមកនេះ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ បានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៩៧៨ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១.៨៥៧នាក់(នារី ១៧៨នាក់) ពាក់ព័ន្ធបទល្មើសដូចជា ជួញដូរ និងរក្សាទុក គ្រឿងញៀន, ដឹកជញ្ជូន និងរក្សាទុកគ្រឿងញៀន, ចាត់ចែង-សម្រួលឱ្យប្រើប្រាស់គ្រឿងញៀន, បើកបរក្រោមឥទ្ធិពលគ្រឿងញៀន និងករណីប្រើប្រាស់គ្រឿងញៀន ជាដើម។
ដោយឡែក ចំពោះការងារអប់រំកែប្រែ និងស្តារនីតិសម្បទា គណៈកម្មាធិការបានយកចិត្តទុកដាក់បញ្ចូនជនរងគ្រោះដោយសារគ្រឿងញៀនទាំងដើមគ្រា និងក្នុងគ្រា បញ្ចូនទៅមជ្ឈមណ្ឌលឱកាសខ្ញុំ សរុបចំនួន ៧.១៧៦នាក់(នារី ៣៥២ នាក់) បញ្ចូនទៅព្យាបាលនៅតាមសហគមន៍ចំនួន ៧ នាក់(នារី១នាក់) និងបានធ្វើសមាហរណកម្មជនរងគ្រោះ ដែលបានទទួលការព្យាបាលរួច ឱ្យចូលទៅរស់នៅក្នុងសហគមន៍វិញចំនួន ៥.២៩០នាក់(នារី ២៧៩នាក់)៕ អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា