ភ្ញាក់ផ្អើលពេញក្រុងប៉ោយប៉ែត អាគារទើបសាងសង់បានមួយជាន់ បាក់ស្រុតប្លង់សេ បណ្តាលអោយនារីវ័យ១៨ម្នាក់ បាក់ជើងម្ខាងរបួសធ្ងន់ និង៣នាក់ទៀតរបួសស្រាល !!!

ភ្ញាក់ផ្អើលពេញក្រុងប៉ោយប៉ែត អាគារទើបសាងសង់បានមួយជាន់ បាក់ស្រុតប្លង់សេ បណ្តាលអោយនារីវ័យ១៨ម្នាក់ បាក់ជើងម្ខាងរបួសធ្ងន់ និង៣នាក់ទៀតរបួសស្រាល !!!

ចេញផ្សាយ ៖ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១

ខេត្តបន្ទាយមានជ័យ ៖ ករណី បាក់ស្រុតប្លង់សេអាគារមួយកន្លែង ស្ថិតនៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្តាលអោយ កម្មការនី សំណង់ម្នាក់ ឈ្មោះ ស្រី និច មានអាយុប្រហែល១៨ឆ្នាំ រងរបួសធ្ងន់បាក់ជើងម្ខាង ត្រូវបានបញ្ជូនទៅព្យាបាលមន្ទីរពេទ្យបង្អែកប៉ោយប៉ែត២ ចំណែកឯកម្មករប្រុសស្រីជាង ២០ នាក់ ក្នុងនោះរងបួសស្រាលចំនួន៣នាក់ ដែលហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខបុរីហ៊ុយឡេង ជាប់ខាងត្បូងផ្លូវជាតិលេខ៥។

យោងតាមការបំភ្លឺពីអាជ្ញាធរមូលដ្ឋានបានអោយដឹងថា៖ ក្នុងករណី បាក់ស្រុតប្លង់សេអាគារមួយកន្លែងនេះ ទំនងបែបជាជំទល់ទ្របាតប្លង់សេមិនរឹងមាំ ទ្រទ្រង់ទម្ងន់មិនជាប់ បណ្តាលអោយបាក់ស្រុតតែម្តង។

តាមប្រភពប្រជាពលរដ្ឋដែលរស់នៅក្បែរខាងបានអោយដឹងថា៖ ម្ចាស់សំណង់អាគារមានឈ្មោះ យឹម ឆៃ អ៊ាង ជាម្ចាស់អាគារ ដែលកំពុងសាងសង់ផ្ទះដល់ទៅ៤ល្វែង កំពស់ជាន់ ដោយមានមេការម៉ៅសំណង់ ឈ្មោះ (ហៅឆន) ជាអ្នកទទួលធ្វើ ដែលគម្រោងសាងសង់អាគារនេះ ធ្វើជាផ្ទះសំណាក់ដែលមានទំហំ៤ល្វែង ហើយអាគារទើបតែបានសាងសង់ ចាប់ផ្តើមចាក់ប្លង់សេជាន់ទី១ សោះ ក៏បាក់បង្កការភ្ញាក់ផ្អើល និងបណ្តាលអោយមាន កម្មករ កម្មការី រងរបួសធ្ងន់ស្រាល តែមិនបង្កអោយមានអ្នកណាស្លាប់នោះទេ។

ក្រុមសារព័ត៌មានជាច្រើនអង្គភាពរួមជាមួយគេហទំព័រ ខេមបូឌាស្តាដេលីញូយ៍យើងខ្ញុំ បានធ្វើការខលទៅលោក

អាង ធារិទ្ធ ប្រធានមន្ទីរសូរិយោដីខេត្តបន្ទាយមានជ័យ លោកប្រធាន បានអោយដឹងថា៖ សំណង់អាគារដែលបាក់ស្រុតកាលពីព្រឹកមិញនេះ នៅក្រុងប៉ោយប៉ែត លោកបានជ្រាបព័ត៌មាននេះ លោកបានបន្តអោយដឹងថា៖ ម្ចាស់សំណង់មានដីទំហំ៤ល្វែង ហើយការសុំច្បាប់សាងសង់ គឺខាងសាលាក្រុងចេញអោយ តែម្ចាស់សំណង់នោះគាត់ បានសុំច្បាប់អនុញ្ញត សាងសង់តែចំនួនផ្ទះ ២ល្វែងទេ មួយសុំសាងមុន និងចំនួន២ល្វែងទៀត សុំសាងសង់ក្រោយ តែពេលសាងសង់ផ្ទះឬអាគារនោះ គឺគាត់សាងសង់ជាមួយគ្នា។

លោក អាង ធារិទ្ធ ប្រធានមន្ទីសូរិយោដីខេត្តបន្ទាយមានជ័យ បានបញ្ជាក់ពីច្បាប់សាងសង់អោយសារព័ត៌មានយើងដឹងថា៖ កសាងសង់ផ្ទះ ក្រោម ៥០០ ម៉ែត្រការ៉េ គឺសុំច្បាប់ត្រឹមក្រុង ឬក៏កំពស់៤ជាន់ចុះក្រោម។

លោកប្រធានមន្ទីរបន្តថា បើការសាងសង់មានដែលមានផ្ទៃក្រឡា ធំជាង៥០០ម៉ែត្រការ៉េ ឬក៏តូចជាង៣០០០ម៉ែត្រការ៉ា ស្មើនឹងកំពស់១០ជាន គឺមកសុំច្បាប់អនុញ្ញាតសាងសង់ នៅមន្ទីរខេត្តបន្ទាយមានជ័យ។

 

លោកប្រធានបានបញ្ជាក់ថា បើកការសុំច្បាប់សាងសង់លើសពី១០ជាន់ទៅ គឺត្រូវស្នើសុំទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ក្រុមសារព័ត៌មានយើងខ្ញុំ ក៏បានខលទៅលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ដើម្បីសុំការបំភ្លឺ ជុំវិញករណី អាគារសាងសង់ថ្មីបាក់ស្រុតប្លង់សេ លោក បានឆ្លើយយ៉ាងខ្លីថា៖ សូមអធ្យាស្រ័យ ខ្ញុំកំពុងសម្រាកព្យាបាលគ្រោះក្នុងកម្រងនោម ព្រោះចុកខ្លាំងណាស់ ។

នៅរសៀលនេះដែរ ក្រុមសារព័ត៌មានជាច្រើនអង្គភាពក៏បានធ្វើការខលទៅលោក ចៅ សុភឿក ប្រធានសូរិយាដីក្រុងប៉ោយប៉ែត លោកបានបញ្ជាក់ឱ្យដឹងថា សំណង់នេះមានការសុំច្បាប់សាងសង់ពីក្រុង កំពស់ពីរជាន់ពិតប្រាកដមែន តែដោយសារអ្នកម៉ៅការសំណង់មានការធ្វេសប្រហែស ដោយសារទល់ជំទល់ទ្រប្លង់សេ មិនរឹងមាំ ទើបធ្វើអោយបាក់ស្រុតបែបនេះ ៕

ពីកន្លែងខ្ញុំ ឡាយ សុជាតិ ចាងហ្វាងការផ្សាយ

គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

You might like

Leave a Reply

Your email address will not be published. Required fields are marked *