ខេត្តកំពត ៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ មន្ត្រីអង្គការ Nature Life បានឱ្យដឹងនៅថ្ងៃចន្ទ ២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមិថុថា ឆ្នាំ២០២៣ថា គិតមកដល់ឆ្នាំ២០២៣នេះ គម្រោងស្រូវមិត្ដក្រៀលរបស់យើង ចូលដល់ឆ្នាំទី៣ហើយ ចំនួនកសិករស្រូវមិត្ដក្រៀលបានកើនឡើងពី ៤១គ្រួសារ ដល់១១៩គ្រួសារ ចំណែកផ្ទៃដីដាំស្រូវមិត្តក្រៀលមានការកើនឡើងពី ៣៧,៥ហិកតាដល់ ១២៥,៦១ហិតាហើយ មានទីតាំងនៅជាប់ តំបន់ការពារទេសភាពអន្លង់ព្រីង ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។
ចំនួនកើនឡើងនេះមានន័យថា ដីស្រែជុំវិញតំបន់ការពារទេសភាពអន្លង់ព្រីង សុទ្ធសឹងជាផ្ទៃដីរបស់កសិករស្រូវមិត្ដក្រៀល និង ជាតំបន់ទ្រនាប់ដែលមានសុវត្ថិភាព និង ផ្តល់ចំណីបន្ថែមសម្រាប់សត្វក្រៀល ដែលជាសត្វកំពុងរងគ្រោះឈានទៅផុតពូជ។
គម្រោងផ្ដល់ពូជស្រូវសម្រាប់ឆ្នាំទី១ និងឆ្នាំទី២ ដើម្បីលើកទឹកចិត្តឱ្យកសិករដាំស្រូវពូជពងលលក និង សម្បកការទឹម ជាពូជស្រូវដែលសត្វក្រៀលចូលចិត្តស៊ី។ ចំណែកឯជីធម្មជាតិផ្ដល់ជូនចំនួន ៣ឆ្នាំ លើសពីនេះទៀតគម្រោងបានទទួលទិញតម្លៃស្រូវខ្ពស់ជាងទីផ្សារ ប្រសិនបើកសិករគោរពតាមលក្ខខណ្ឌទាំង១២របស់ Nature Life ។
លោក សូត្រ ឡាំង កសិករស្រូវមិត្តក្រៀលមួយរូបបានបញ្ជាក់ថា គាត់រីករាយចូលរួមជាមួយគម្រោងស្រូវមិត្តក្រៀលនេះ ព្រោះបានទទួលការគាំទ្រជាពូជ ជីសរីរាង្គ និង ទទួលបានវគ្គបណ្ដុះបណ្ដាលបច្ចេកទេស នៃការធ្វើកសិកម្ម ពីអ្នកជំនាញកសិកម្ម របស់អង្គការផងដែរ និង ជាពិសេសទៀតគឺបានចូលរួមអភិរក្សសត្វក្រៀល ៕ ដោយ ណយ នឿន (ប្រភពះ Nature Life)