ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដុតកម្ទេចកាំភ្លើងកែច្នៃ១៤០ដើម ដែលដកហូតពីពលរដ្ឋប្រព្រឹត្តបទល្មើសកន្លងមកកាលពីដើមឆ្នាំ២០២១ !!!
ចេញផ្សាយ:ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១
ចាងហ្វាងការផ្សាយ:លោក ឡាយ សុជាតិ
ខេត្តបន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីធ្វើការដុតកម្ទេចកាំភ្លើងកែឆ្នៃជាង140 ដើម ដែលកាំភ្លើងទាំងនោះ គឺដកហូតបានជាបន្តបន្ទាប់ ពីអ្នកល្មើសច្បាប់ លោកឧត្តមសេនីត្រី ប៊ុន ផេង ស្នងការរងទទួលការងារអាវុធជាតិផ្ទុះនិងអគ្គីភ័យបានថ្លែងថា កាំភ្លើងដែលបានដុតចោលថ្ងៃនេះ គឺជាកាំភ្លើងកែច្នៃពីឈើ មានដូចជាបាញ់គ្រាប់កិប ខ្លះប្រើខ្យល់បាញ់គ្រាប់កង់ និងកាំភ្លើងស្នាកេះ មានចំនួនសរុប140 ដើម។ កំភ្លើងទាំងនេះគឺបានប្រមូលពីប្រជាពលរដ្ឋទាំង 9 ស្រុក/ក្រុងក្នុងខេត្ត ដែលប្រព្រឹត្តបទល្មើសនិងអ្នករក្សាទុកដើម្បីបាញ់កណ្ដុរសត្វផ្សេងៗ កាលពីដើមឆ្នាំ២០២១ ជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការដុតកម្ទេចកាំភ្លើងកែច្នៃថ្ងៃនេះ គឺជាការរួមចំណែកធ្វើយ៉ាងណាឱ្យភូមិឃុំមានសុវត្ថិភាព គ្មានបទល្មើស លួចឆក់ ប្លន់ និងអំពើល្មើសច្បាប់ផ្សេងៗ នៅក្នុងមូលដ្ឋានជូនពលរដ្ឋនិងសង្គម។
ឆ្លៀតក្នុងឱកាសនោះលោកស្នងការ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជនទាំងឡាយ បើមានការច្នៃផលិតឬរក្សាទុកកាំភ្លើងកែច្នៃឬគ្រាប់យុទ្ធភណ្ឌផ្សេងៗ ត្រូវសហការណ៍និងប្រគល់ជូនសមត្ថកិច្ច ក្នុងករណីរកឃើញថាមានបទល្មើសនឹងត្រូវផ្ដន្ទាទោសតាមច្បាប់ ៕