ខេត្តបន្ទាយមានជ័យ ៖ លោកវរសេនីយទោ អ៊ុន ចាន់ មេបញ្ជាការរងកងការពារព្រំដែនលេខ៥០៣ កំពុងមានការិៈគន់ពីសំណាក់កូនទាហាន របស់ខ្លួនថា បានបើកដៃឲ្យ ជនជាតិថៃ និងក្រុមឈ្មួញ យកទំនិញ គ្រប់ប្រភេទ ពីប្រទេសថៃ មកដាក់ស្តុកក្នុងឃ្លាំង នៅតាមជាប់ព្រំដែនអូរបីជាន់ និងកន្លែងនានា ដែលជាឃ្លាំងឯកជន សម្រាប់ទុក ចែក ចាយ តាមបណ្ដាខេត្ត និងរាជធានី ។
ប្រភពទំនិញជាច្រើនសម្រាប់ចែកចាយបន្ត ជាងដប់ឆ្នាំមកហើយ ឲ្យអាជីវករ តាមបន្ទាត់ព្រំដែន ក៏ដូចជានៅតាមទីផ្សារ នៅ ក្នុងខេត្តបន្ទាយមានជ័យ និងតាមបណ្តាខេត្តនានា ព្រមទាំង រាជធានី យកទៅលក់ ដោយអនុវត្តផ្ទុយពីថ្នាក់ ដឹកនាំខេត្ត និងប្រមុខរាជរដ្ឋាភិបាលដែលបានដាក់មកឲ្យមន្ត្រីថ្នាក់ក្រោមជាតិអនុវត្តន៍ រួមទាំង ស្ថាប័នមានសមត្ថកិច្ច ចូលរួមទប់ស្កាត់ ឲ្យបានរាល់បទល្មើសឆ្លងដែន តាមច្រករបៀងនានានៅព្រំដែនខ្មែរ-ថៃ ពិសេស ដើម្បីពង្រឹងសន្តិសុខ ទប់ស្កាត់ ទំនិញគេចពន្ធ គ្រឿងញៀន អាភៀន ការរត់ពន្ធមនុស្ស បទល្មើសផ្សេងៗ តាមខ្សែបន្ទាត់ព្រំដែន ប្រកបដោយ ប្រសិទ្ធ ភាព។
ជាក់ស្ដែងបច្ចុប្បន្ន ច្រករបៀង អូរបីជាន់ ក្នុងភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលគ្រប់គ្រងដោយ លោក អ៊ុន ចាន់ មេបញ្ជាការរងកងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥ នៅតែបន្ត ដំណើរការយ៉ាងរលូន ឲ្យ ជនជាតិថៃ និងក្រុមឈ្មួញ យកទំនិញមកស្តុកក្នុងឃ្លាំង ដើម្បីចែកចាយ ដល់ឈ្មួញតូចធំ លក់បន្ត ធ្វើឲ្យបាត់បង់ថវិកា ជាតិតាមរយៈមិនបង់ពន្ធចូលរដ្ឋ។
ប្រភពច្បាស់ការពីពលទាហាន ជាកូនចៅរបស់ លោក អ៊ុន ចាន់ ដោយសុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកព័ត៌មានឲដឹងថា ច្រករបៀង មួយនេះមាននាំចូលមកដូចជាម៉ូតូគេចពន្ធ សាច់មាន់ខូចគុណភាព គ្រឿងក្នុងជ្រូក និងទំនិញរាប់រយមុខ ។
មុខទំនិញទាំងនោះគ្មានការត្រួតពិនិត្យពីមន្រ្តីជំនាញនោះទេ ដែលអាចប្រឈមទៅនឹងគ្រោះថ្នាក់បញ្ហាសុខភាព ដល់ ប្រជាពលរដ្ឋជាអ្នកទិញទៅបរិភោគ ដោយថាការនាំចេញទំនិញមកនេះ ឈ្មួញបានបង់លុយ ឲ្យ ស្ថាប័នគយ នគរបាល សេដ្ឋកិច្ចខេត្តនៅប្រចាំច្រកខាងលើរួចអស់ហើយ តែគ្មានវិក្កយប័ត្រនោះទេគ្រាន់តែបង់ប្រាក់តាមការព្រមព្រៀងរួច អាចចេញ ចូលទៅបានយ៉ាងរលូន។
ទោះយ៉ាងណា មន្រ្តីផ្នែកច្បាប់បានពន្យល់ថា ការបង់ពន្ធចូលរដ្ឋតាមរយៈគយ ឬនគរបាលសេដ្ឋ្ឋកិច្ចគ្មានវិក្កយប័ត្រ គឺជា អំពើពុករលួយរបស់មន្រ្តី ។
ពួកគាត់លើកឡើងថា ៖ ច្រករបៀងខាងលើ ដែល គ្រប់គ្រងដោយ លោក អ៊ុន ចាន់ មេបញ្ជាការរងកងការពារព្រំដែន លេខ៥០៣ យោធភូមិភាគទី ៥ ត្រូវ សម្តេចក្រឡាហោម ស ខេង បញ្ជាឲ្យបិទច្រករបៀងនេះ ម្តងរួចហើយ ដោយយល់ ឃើញថា ធ្វើឲ្យខាតបង់ថវិកាជាតិដោយមានទំនិញគេចពន្ធរាប់រយមុខចេញចូលតាមច្រករបៀងមួយនេះ និងអាចនាំ ឲ្យ មានការលួចបន្លំចរាចរណ៍នូវគ្រឿងញៀនផងដែរ។
ប៉ុន្តែនៅច្រករបៀងនេះ នៅតែដំណើរការរហូតដល់បច្ចុប្បន្នដែលគេសង្ស័យថា មានការត្រូវគ្នាជាមួយអាជ្ញាធរ មន្ត្រីជំនាញ ក្នុងមូលដ្ឋានទើបបើកឲ្យទំនិញនាំចូលមិនបានបង់ពន្ធដល់សព្វថ្ងៃនេះ។
ប្រជាពលរដ្ឋសូមសំនូមពរទៅ លោកវរសេនីយ៍ទោ រឿង សារិត ត្រូវបានតែងតាំងជាមេបញ្ជារការកងការពារព្រំដែនលេខ៥០៣ ជំនួសលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន ដែលបានទទួលមរណៈកាលកន្លងទៅ សូមមេត្តាមានវិធានការ លើបទល្មើស ចេញ ចូលតាមច្រករបៀងមួយនេះផងទាន!។
លោក អ៊ុន ចាន់ មេបញ្ជាការរងកងការពារព្រំដែនលេខ៥០៣ អង្គភាពអ្នកសារព័ត៌មាន យើងមិនអាចទំនាក់ទំនង ដើម្បីសុំការបញ្ជាក់ពីបញ្ហានាំទំនិញ របស់ ជនជាតិថៃ និងក្រុមឈ្មួញ ដែលយកទំនិញមកស្តុក ក្នុងឃ្លាំង ក្រោមការគ្រប់គ្រង ដោយលោកផ្ទាល់ នៅក្បែរច្រករបៀង ខាងលើនោះឡើយ ៕