ខេត្តបាត់ដំបង ៖ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ បានបើកវគ្គហ្វឹកហ្វឺនទូទៅនៅនឹងកន្លែង ក្រោមអធិបតីភាព ឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ នៅទីបញ្ជាការកងពល ស្ថិតនៅភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ក្នុងរបាយការណ៍បានឲ្យដឹងថា៖ វគ្គហ្វឹកហ្វឺនទូទៅនៅនឹងកន្លែងនេះ មានសិក្ខាកាមហ្វឹកហ្វឺន ចំនួន ១០០នាក់ យោធាចារ្យ ចំនួន ៥នាក់ និងក្រុមបម្រើការ ចំនួន ៥នាក់ សរុបចំនួន ១១០នាក់ សិក្សាខ្លឹមសារមេរៀនមាន៖ យោធារួម,បច្ចេកទេសអាវុធថ្មើរជើង,យុទ្ធវិធីថ្មើរជើង និងអប់រំចិត្តសាស្រ្ត
រយៈពេល ៣០ថ្ងៃ ដោយចាប់ផ្ដើមហ្វឹកហាត់ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នេះតទៅ។
លោកឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការ មានប្រសាសន៍ថា៖ ទន្ទឹមនឹងប្រទេសជាតិមានសុខសន្ដិភាព មានស្ថេរភាពនយោបាយ យើងក៏ត្រូវតែយកចិត្តទុកដាក់ ពង្រឹងកងកម្លាំងប្រដាប់អាវុធតាមរយៈការហ្វឹកហ្វឺនរៀនសូត្រលើកកម្ពស់ស្មារតី និងសមត្ថភាព ដើម្បីឆ្លើយតបទៅនឹងតួនាទីភារកិច្ចឱ្យបានរឹងមាំ។ ភារកិច្ចចំពោះមុខគឺការការពារបូរណភាពទឹកដី ការពារឱ្យបានដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។ ត្រូវតែការពារសន្ដិភាពឱ្យបានគង់វង្ស ព្រោះថាសន្ដិភាពមានតម្លៃពុំអាចកាត់ថ្លៃបានឡើយ សន្ដិភាពទទួលបានដោយការប្ដូរ សាច់ស្រស់ ឈាមស្រស់របស់វីរៈជនស្នេហាជាតិជាច្រើនរូបក្នុងបុព្វហេតុ ការពារបូរណភាពទឹកដី សុខសន្ដិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍លើគ្រប់វិស័យនាពេលបច្ចុប្បន្ននេះ។
លោកមេបញ្ជាការ បានបន្ដទៀតថា៖ ការហ្វឹកហ្វឺនរៀនសូត្រជាអាទិភាពខ្ពស់ ដែលថ្នាក់លើបានយកចិត្តទុកដាក់ ក្នុងការបណ្ដុះបណ្ដាលនូវធនធានមនុស្ស ដើម្បីបង្កើនចំណេះដឹង សមត្ថភាពវិជ្ជាជីវៈ ដល់កងទ័ព ក្នុងជួរកងយោធពលខេមរភូមិន្ទ ដើម្បីអនុវត្តនូវតួនាទីភារកិច្ច ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ក្នុងកិច្ចកាពារបូរណភាពទឹកដី។ មិនតែប៉ុណ្ណោះការប្រមូលផ្តុំហ្វឹកហ្វឺនរៀនសូត្រនៅនឹងកន្លែងនេះ ក៏ដូចជាការត្រៀមកម្លាំងសម្រាប់អន្តរាគមន៍ជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះមហន្តរាយផ្សេងៗ តាមបទបញ្ជារបស់ថ្នាក់លើ បានទាន់ពេលវេលាផងដែរ៕