ខេត្តបន្ទាយមានជ័យ ៖ ទំនិញជាច្រើនមុខ គេឃើញដឹកជញ្ជូនតាមរថយន្តតូចៗ, រ៉ឺម៉កសណ្តោង, រ៉ឺម៉កម៉ូតូកង់បី និងគោយន្តកែច្នៃដោយក្នុងមួយថ្ងៃៗជាច្រើនគ្រឿងឆ្ពោះទៅកាន់ផ្លូវជាតិលេខ៥ ដើម្បីបន្តទៅគោលដៅផ្សេងៗ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ភាគច្រើនចេញពីច្រករបៀងក្នុងស្រុកអូរជ្រៅ ជាពិសេសច្រករបៀងជោគជ័យ (ណងចាន់) និងច្រងរបៀងមួយចំនួនទៀត តាមបន្ទាត់ព្រំដែន។ យានយន្តដឹកទំនិញទាំងនេះ គេឃើញឆ្លងបារ៉ាស់ត្រួតពិនិត្យរបស់ក្រុមយោធា តាមចំណុចភូមិសាស្ត្រខាងលើ ទំនងចូលទៅតំបន់.ស ដើម្បីដឹកទំនិញដែលខាងឈ្មួញថៃដឹកជញ្ជូនមកឲ្យ។
បើតាមការសាកសួរអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កទទេរចូលទៅមាត់ច្រករបៀងជោគជ័យ (ណងចាន់) ស្ថិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និយាយថា «គាត់ទៅស៊ីឈ្នួលដឹកជញ្ជូនទំនិញឲ្យគេខាងមុខបារ៉ាស់យោធា»។
ដោយឡែកអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កដឹកទំនិញចេញពីច្រករបៀងដដែលនេះ ម្នាក់ទៀតក៏ បាននិយាយដែរថា «ខ្លួនដឹកទំនិញទាំងនេះពីថៃតាមច្រករបៀងជោគជ័យ (ណងចាន់) យកទៅចែកចាយបន្តនៅក្រុងប៉ោយប៉ែត»។
គួររំលឹកផងដែរថា ក្រោយកម្ពុជា-ថៃបើកដំណើរការឡើងវិញនៅច្រកទ្វារអន្តរជាតិ និងតំបន់ទាំង៣ ក្នុងខេត្តបន្ទាយមានជ័យ ស្រះកែវ នោះ ទំនិញស្របច្បាប់គ្រប់ប្រភេទ សូម្បីទឹកសុទ្ធគេឃើញរថយន្តថៃបានដឹកទំនិញចូលដល់ដីខ្មែរ និងដល់តាមទីតាំងស្តុកយ៉ាងងាយស្រួលជាងមុនសម័យកូវីដ ចុះហេតុអ្វីទំនិញមួយចំនួននៅតែគេនាំចូលតាមច្រករបៀងដោយលួចលាក់? ឬមកពីការនាំចូលតាមច្រករបៀងមិនពិបាកចំណាយប្រាក់ចូលរដ្ឋ ត្រឹមចូលហោប៉ៅមន្ត្រី និងសមត្ថកិច្ចតាមបន្ទាត់ព្រំដែនចែកគ្នារស់បានយូរ៕ (វគ្គ១)