ភ្នំពេញ ៖ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ កីឡាការិនី ខាន់ ចេសា ទទួលបានមេដាយមាស ក្រោយផ្ដួលកីឡាការិនីហ្វីលីពីន អូឆាវ សម្រាប់ការប្រកួតជុំទី៤ ដែលជាទឹកចុងក្រោយ។ នៅក្នុងការប្រកួតនោះ កីឡាការិនី ហ្វីពីន បានគោះដៃសុំចុះចាញ់ បន្ទាប់ពីរងរបួសដោយជាប់ក្លេរ របស់ ខាន់ ចេសា នៅត្រង់ ក្បាលជង្គង់។ រំពេចនោះ មានសំឡេងទះដៃ និងស្រែកហ៊ោលាន់ឮពេញទីលានប្រកួតចេញពី អ្នកគាំទ្រ ខណៈនោះ កីឡាការិនី ខាន់ ចេសា នាងបានសម្រក់ទឹកភ្នែកលាយឡំដោយ អារម្មណ៍រំភើប។
នៅក្នុងការអង្កេតដោយឡែក ខាន់ ចេសា បានបង្ហាញកាយវិការលើកទឹកចិត្តគូប្រកួត កីឡាការិនីហ្វីលីពីន ដែលត្រូវរងបួសជើង ក្រោយជាប់ការក្លេររបស់ខ្លួន នៅលើទីលានប្រកួត នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។
ជាមួយនោះ មិនត្រឹមតែមានការលើកទឹកចិត្តពីអ្នកគាំទ្រប៉ុណ្ណោះទេ ខាន់ ចេសា ទទួល បានការស្វាគមន៍ពីសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មការរៀបចំ ព្រឹត្តិការណ៍ស៊ីហ្គេម និង ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ចំពោះជ័យជម្នះនេះផងដែរ។
គួរជម្រាបជូនថា កីឡាការិនី ខាន់ ចេសា ទទួលបានមេដាយមាសលើ ប្រភេទកីឡា ជឺជីតស៊ូលើវិញ្ញាសា Ne-Waza NOGI ទម្ងន់ ៥២គីឡូក្រាម បន្ទាប់ពីនាងបានយក ឈ្នះកីឡា ការិនី ថៃ វៀតណាម សិង្ហបុរី និងហ្វីលីពីន។ គិតត្រឹមរសៀលថ្ងៃទី០៧ ខែឧសភានេះ កម្ពុជា ទទួលបានមេដាយមាសចំនួន២៧ និងកំពុងនាំមុខគេ សម្រាប់ការប្រកួតស៊ីហ្គេមលើកទី៣២ ខណៈដែលកម្ពុជាខ្លួនឯង កំពុងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមនេះ៕ដោយ ប៊ុនរិទ្ធ (រូបថត៖ ហ៊ុន យុទ្ធគុណ និងឡាយ សារ៉ុម)