ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ ក្រុមកីឡាករអុកចត្រង្គកម្ពុជាឈ្នះមេដាយប្រាក់ សម្រាប់កីឡាស៊ីហ្គេមលើកទី៣២ ក្នុងវិញ្ញសាបុរស ៣ទល់៣ រយៈពេល ៦០នាទី ក្រោយចាញ់ក្រុមកីឡាករអុកចត្រង្គថៃ ក្នុងវគ្គប្រកួតផ្តាច់ព័ត្រដែលបានធ្វើនៅសាលដំបូលទូកនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣។
ចំពោះក្រុមកីឡាករអុកចត្រង្គបុរសជាក្រុម ៣នាក់ របស់កម្ពុជានោះរួមមានកីឡាករ សុខ លឹមហេង កីឡាករ ឈាវ បូរ៉ា និងកីឡាករ ជា ស៊ីដេត។
ក្នុងការប្រកួតក្ដារទី១ កីឡាករ ឈាវ បូរ៉ា និងកីឡាករ ជា ស៊ីដេត លេងស្មើជាមួយកីឡាករថៃ ខណៈដែលកីឡាករ សុខ លឹមហេង ប្រកួតចាញ់ថៃ។ លុះចូលដល់ក្ដារទី២ កីឡាករទាំង៣ប្រកួតបានត្រឹមស្មើថៃទាំងអស់គ្នា ដូច្នេះទើបអាជ្ញារកណ្តាលសម្រេចឱ្យក្រុមកីឡាករអុកចត្រង្គថៃឈ្នះ ដោយសារតែកីឡាករ សុខ លឹមហេង បានប្រកួតចាញ់ថៃកាលពីក្ដារទី១ ដោយក្រុមកីឡាករអុកចត្រង្គកម្ពុជាបានត្រឹមមេដាយប្រាក់ ខណៈដែលក្រុមកីឡាករថៃបានទទួលមេដាយមាស៕ដោយ៖យា ចិន្ដាខន្ដី, រូបថត៖ ស៊ិន សារ៉េត